ខិតខំប្រឹងប្រែងរយៈពេល ៥ ឆ្នាំ បន្តបើកក្តោងឈានដំណើរទៅកាន់អនាគត ៖ អបអរសាទរខួបលើកទី ៥ ឆ្នាំនៃការចាប់ដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, April 9, 2021
Size:

វ៉ាង យី

 

 ថ្ងៃនេះជាខួបលើកទី ៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

  នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការទន្លេឡាឆាង-មេគង្គលើកទី ១ បានប្រារឰនៅក្រុងសានយ៉ានៃខេត្តហៃណានដោយជោគជ័យ ។ ឈរលើស្មារតី“រួមគ្នាផឹកទឹកទន្លេតែមួយ ជោគវាសនាភ្ជាប់នឹងគ្នាយ៉ាងស្អិតល្មួត” អ្នកដឹកនាំនៃប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានរួមគ្នាប្រកាសចាប់ដំណើរការយន្តការសហប្រតិបត្តិការកម្រិតអនុតំបន់បែបថ្មីនេះ ហើយបានសម្រេចជាឯកច្ឆ័ន្ទលើការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីដើរឆ្ពោះទៅកាន់សន្តិភាព និងវិបុលភាព ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានឆ្លងកាត់ដំណាក់កាលពូនជ្រំ និងដំណាក់កាលលូតលាស់រហ័ស ហើយបានឈានចូលទៅក្នុងដំណាក់កាលរីកចម្រើនគ្រប់ជ្រុងជ្រោយ ដែលបានចាក់បញ្ចូលនូវ“ទឹករស់ជាកម្លាំងចលករ”ក្នុងការអភិវឌ្ឍន៍នៃប្រទេសនានា ព្រមទាំងបានបង្កើតជាគំរូសំខាន់នៃការកសាងសហគមន៍វាសនារួមមនុស្សជាតិ

()

នេះជារយៈកាល ៥ ឆ្នាំ ដែលខិតខំកសាងមូលដ្ឋានគ្រឹះ និងបង្កើនទំនុកចិត្តលើគ្នាឱ្យកាន់តែស៊ីជម្រៅ   ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិនយកចិត្តទុកដាក់កម្រិតខ្ពស់ដល់ទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយធ្លាប់ជួបប្រាស្រ័យជាមួយអ្នកដឹកនាំនៃប្រទេសទន្លេមេគង្គរាប់សិបលើក ដែលបានផ្តល់ការណែនាំ និងកំណត់ទិសដៅសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំង ៦ ។ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជារៀងរាល់លើក ដើម្បីពិគ្រោះពិភាក្សាជាមួយអ្នកដឹកនាំនៃប្រទេសទន្លេមេគង្គទាំង ៥ អំពីការកសាងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ។ ប្រទេសទាំង ៦ ខិតខំកសាងសហគមន៍វាសនា៍រួមប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីដើរឆ្ពោះទៅកាន់សន្តិភាព និងវិបុលភាព ។ សហគមន៍វាសនារួមចិន-ឡាវ ចិន-កម្ពុជា និងចិន-មីយ៉ាន់ម៉ាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ។ យើងប្រកាន់ខ្ជាប់នូវស្មារតីខ្លួនទីពឹងខ្លួន រួមគ្នាពិគ្រោះពិភាក្សា ស្ថាបនា និងចែករំលែកគ្នា ខិតខំបង្កើតបរិយាកាសដែលប្រកបដោយសន្តិភាព ស្ថិរភាព សាមគ្គីភាព និងការចុះសម្រុងគ្នាក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ពួតដៃគ្នាដើម្បីសម្រេចនូវការអភិវឌ្ឍន៍ជានិរន្តរភាព និងវិបុលភាពរួមសម្រាប់ប្រទេសទាំង ៦ ។ យើងបានកំណត់“ផែនការសកម្មភាពរយៈពេល ៥ ឆ្នាំឡានឆាង-មេគង្គ(២០១៨-២០២២)” អនុវត្តយ៉ាងសកម្មតាមផែនការសកម្មភាពលើវិស័យធនធានទឹក កសិកម្ម និងកិច្ចកាត់បន្ថយភាពក្រីក្រជារដើម ពន្លឿនការកំណត់ផែនការសហប្រតិបត្តិការលើវិស័យអភិវឌ្ឍសេដ្ឋកិច្ចឆ្លងដែន ពង្រឹងសមត្ថភាពផលិត និងជំរុញការតភ្ជាប់គ្នា ។ លេខាធិការដ្ឋានសហប្រតិបត្តិការឡានឆាង-មេគង្គ ឬស្ថាប័នសម្របស្រួលនៃប្រទេសទាំង ៦ បានធ្វើទំនាក់ទំនងជាមួយគ្នាយ៉ាងរលូន ក្រុមការងាររួមលើវិស័យអាទិភាព និងមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការឡានឆាង-មេគង្គលើវិស័យធនធានទឹក បរិស្ថាន កសិកម្ម និងយុវជន បានអនុវត្តការងារដោយមានប្រសិទ្ធភាពខ្ពស់ ដែលបានផ្តល់យន្តការចាំបាច់ដល់ការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

  នេះជារយៈកាល ៥ ឆ្នាំ ដែលខិតខំប្រមូលកម្លាំងដើម្បីបង្កើតជាឧត្តមភាព និងរួមគ្នាធ្វើការអភិវឌ្ឍន៍ យើងបានបង្កើតរូបមន្តឡានឆាង-មេគង្គដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ ធ្វើការងារជាក់ស្តែងដោយមានប្រសិទ្ធភាពខ្ពស់ និងចាត់ទុកគម្រោងជាក់ស្តែងជាគោល ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យការបំពេញបន្ថែមគ្នាលើវិស័យសេដ្ឋកិច្ចទៅជាកម្លាំងជំរុញគ្នាសម្រាប់ការអភិវឌ្ឍន៍ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ ទំហំសរុបនៃសេដ្ឋកិច្ចចិនបានកើនឡើង ៤៧,៥% ។ ប្រទេសចិនបានទទួលសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រក្នុងការកសាងសង្គមធូរធារគ្រប់ជ្រុងជ្រោយ ។ ទំហំសរុបនៃសេដ្ឋកិច្ចប្រទេសទន្លេមេគង្គទាំង ៥ កើនឡើងជាង ៣០% ចំណែកកម្រិតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចនិងសង្គមក៏បានត្រូវលើកកម្ពស់ឥតឈប់ឈរ ។ នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ បានឈានដល់ទៅ ៣២២១០០ លានដុល្លារអាមេរិក កើនឡើង ៦៦,៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៥ ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងថៃ ហើយជាដៃគូពាណិជ្ជកម្មធំទី ២ របស់ប្រទេសឡាវ ។ ប្រទេសវៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ប្រទេសចិន ។ ប្រទេសចិនផ្តល់ប្រាក់ឥណទានអនុគ្រោះ និងប្រាក់ឥណទានពិសេសអំពីសមត្ថភាពផលិត និងផលិតកម្មគ្រឿងបរិក្ខារ ដើម្បីគាំទ្រឱ្យប្រទេសទន្លេមេគង្គអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាង ៤០ គម្រោង រួមមានព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនៃប្រទេសកម្ពុជា គម្រោងកែសម្រួលខ្សែបណ្តាញបញ្ជូនអគ្គិសនីរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ និងគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម យ៉ុងសៀន ប្រទេសវៀតណាមជាដើម ។ កសិផល និងជលផលល្អៗដូចជា ធូរេនថៃ អង្ករខ្មែរ ល្ហុងភូមា ចេកឡាវ និងត្រី basa វៀតណាម ត្រូវបានយកមកដាក់លើតុបាយរបស់ប្រជាជនចិន ។ សហគ្រាសចិនបានទៅស្វែងរកដៃគូសហប្រតិបត្តិការនៅប្រទេសកម្ពុជា និងឡាវ ដើម្បីបង្កើតតំបន់គំរូកសិកម្ម និងមូលដ្ឋានកែច្នៃនិងឡូជីស្ទីកអំពីផលស្រូវ កៅស៊ូ ផ្លែឈើ បន្លែបង្ការ និងសាច់សត្វចិញ្ចឹម ។

  នេះជារយៈកាល ៥ ឆ្នាំ ដែលប្រមូលផ្តុំកម្លាំង និងពង្រឹងចំណងមិត្តភាព ។ យើងប្រកាន់ខ្ជាប់នូវទស្សនទានដែលចាត់ទុកប្រជាជនជាគោល ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានា ។ នៅឆ្នាំ ២០១៩ អ្នកធ្វើដំណើរទៅមករវាងប្រទេសចិន និងប្រទេសទន្លេមេគង្គមានចំនួនជាង ៥០ លាននាក់ ហើយជើងហោះហើរជាប្រចាំមានចំនួនជិត ៣០០០ ជើងរៀងរាល់សប្តាហ៍ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ មាននិស្សិតជាង ២ ម៉ឺននាក់ដែលមកពីប្រទេសទន្លេមេគង្គទាំង ៥ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីមកបន្តការសិក្សានៅប្រទេសចិន ចំណែកជនបរទេសដែលមកធ្វើការនៅប្រទេសចិនជាង ៤ ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលក្នុងមូលដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈទន្លេឡានឆាង-មេគអង្គនៅខេត្តយូណាន មូលនិធិពិសេសអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានគាំទ្រឱ្យអនុវត្តគម្រោងផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ៥០០ គម្រោង ឧទាហរណ៍ គម្រោង“ភូមិពន្លឺព្រះអាទិត្យ”បានផ្តល់បច្ចេកទេស និងបរិក្ខារផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដល់ភូមិផ្សេងៗនៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ។ គម្រោងបណ្តុះបណ្តាលបច្ចេកទេសថាមពលនុយក្លេអ៊ែរបានផ្តល់ការបណ្តុះបណ្តាលអំពីបច្ចេកទេសស្ថានីយអគ្គិសនីនុយក្លេអ៊ែរ និងសុខាភិបាលនុយក្លេអ៊ែរដល់យុវជនប្រទេសវៀតណាម និងឡាវ ។ គម្រោងបណ្តុះពូជតែប្រេងបានជួយដាំដើមតែប្រេងនៅតំបន់ភ្នំនៃប្រទេសថៃ និងឡាវ ។ គម្រោងបង្កើនផលកាហ្វេបានជួយបណ្តុះបណ្តាលកសិករដាំដើមកាហ្វេនៃប្រទេសមីយ៉ាន់ម៉ាជាង ១១០០០ នាក់ ហើយបានជំរុញឱ្យការប្រមូលផលគ្រាប់កាហ្វេនៃប្រទេសមីយ៉ាន់ម៉ាកើនឡើងទ្វេដង ។ គម្រោង“ពឹងឆាវ”ផ្តល់ផលប្រយោជន៍ដល់ប្រទេសឡានឆាង-មេគង្គ និងគម្រោង“ម្ជុលវិទ្យាសាស្ត្រដើរចូលប្រទេសឡានឆាង-មេគង្គ”បានជំរុញកិច្ចសហប្រតិបត្តិការពេទ្យចិនសែ ។ គម្រោងអភិវឌ្ឍសហគមន៍ក្រីក្រ និង“សកម្មភាពពាក់កណ្តាលមេឃឡានឆាង-មេគង្គ”ជាដើម បានជួយជំរុញការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍបុព្វហេតុស្ត្រីនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ

  នេះជារយៈកាល ៥ ឆ្នាំ ដែលរួមសុខទុក្ខជាមួយគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបង្កើតឡើងនូវវេទិកាសហប្រតិបត្តិការធនធានទឹកទី ១ ដែលមានការចូលរួមពីប្រទេសពាក់ព័ន្ធទាំង ៦ ។ យើងបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ ហើយបានធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យទប់ទល់នឹងទឹកជំនន់ គ្រប់គ្រងគ្រោះមហន្តរាយ និងផ្សព្វផ្សាយពីបច្ចេកទេសជាដើម ។ ក្នុងនាមជាប្រទេសដែលស្ថិតនៅតាមផ្នែកខាងលើនៃទន្លេឡានឆាង-មេគង្គ ប្រទេសចិនខិតខំយ៉ាងពេញទំហឹងដើម្បីធានាឱ្យមានបរិមាណទឹកហូរសមរម្យទៅផ្នែកខាងក្រោម ហើយចាក់បង្ហូរទឹកបន្ថែមជាបន្ទាន់តាមតម្រូវការរបស់ប្រទេសទន្លេមេគង្គ ។ ជាពិសេស តាំងពីឆ្នាំទៅរៀងមក ប្រទេសចិនចាប់ផ្តើមចែករំលែកគ្នាអំពីព័ត៌មានជលសាស្ត្រពេញមួយឆ្នាំនៃទន្លេឡានឆាង ហើយបានបង្កើតវេបសាយជាវេទិកាចែករំលែកអំពីព័ត៌មានសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ ព្រមទាំងខិតខំយ៉ាងសកម្មដើម្បីជួយប្រទេសនៅផ្នែកខាងក្រោមទន្លេឡានឆាង-មេគង្គទប់ទល់នឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ។ នៅខែកុម្ភៈឆ្នាំទៅ នៅពេលជំងឺកូវីដ-១៩ ផ្ទុះឡើង ខ្ញុំ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទន្លេមេគង្គទាំង ៥ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៥ ដែលរៀបចំនៅក្រុងវៀងចន្ទន៍ប្រទេសឡាវតាមផែនការដែលបានកំណត់ ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗរួមគ្នាសម្តែងនូវការគាំទ្រចំពោះប្រទេសចិនក្នុងការប្រឆាំងនឹងជំងឺឆ្លង និងបានផ្តល់ការគាំទ្រដ៏ថ្លៃថ្លាដល់ភាគីចិននៅខណៈពេលដ៏សំខាន់នេះ ។ ប្រទេសទាំង ៦ បានចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង ។ ករណីកើតជំងឺកូវីដ-១៩ និងអត្រាកើតជំងឺនៅតំបន់ទន្លេឡានឆាង-មេគង្គមានកម្រិតទាបជាងតំបន់ដទៃទៀតលើពិភពលោក ។ ប្រទេសទាំង ៦ ក៏បានរួមសហការគ្នាក្នុងការប្រឆាំងនឹងបទល្មើសឆ្លងដែនដូចជា ភេរវកម្ម ល្បែងស៊ីសងតាមបណ្តាញអ៊ីនធើណេត ការបោកបញ្ឆោតតាមទូរស័ព្ទ ការជួញដូរមនុស្ស និងអន្តោប្រវេសន៍ខុសច្បាប់ជាដើម ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មសម្រាប់ការពារ និងគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់កិច្ចធានាដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៃបណ្តាប្រទេសនានា និងផ្តល់“ប្រាជ្ញាឡានឆាង-មេគង្គ”សម្រាប់កែលម្អប្រព័ន្ធអភិបាលកិច្ចក្នុងតំបន់ ។ 


1  2  3  >