ក្រសួងការពារជាតិចិន៖ ភាគីចិននឹងទប់ស្កាត់រាល់ទង្វើណាមួយដែលបង្ករឿងនៅក្នុងសមុទ្រចិនខាងត្បូងតាមរយៈប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់

CRI, October 19, 2026
Size:

នៅរសៀលថ្ងៃទី១៦ ខែតុលា លោកវរសេនីយ៍ឯក  Chen Xi អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសព័ត៌មានពាក់ព័ន្ធនឹងបញ្ហាយោធានាពេលថ្មីៗនេះ។

អ្នកសារព័ត៌មានបានសួរថា តាមការផ្សាយព័ត៌មានបានឱ្យដឹងថា នាពេលថ្មីៗនេះ ហ្វីលីពីនបានបង្ករឿងជាច្រើនលើកនៅក្នុងកោះ Huangyan និងថ្មប៉ប្រះទឹកRen'ai ព្រមនិងអះអាងថា មិនស្តាប់ការបញ្ជារបស់ប្រទេសចិននៅក្នុងតំបន់ដែលខ្លួនអះអាងថាជា “ទឹកដី”របស់ហ្វីលីពីននោះទេ។ នាពេលថ្មីនេះ យោធាហ្វីលីពីនបានអះអាងថា នៅខែកញ្ញា ខ្លួនបានរកឃើញសកម្មភាពជាប្រចាំរបស់នាវាយោធា និងនាវាឆ្មាំសមុទ្រចិនជាង១០០គ្រឿងនៅក្នុងលំហសមុទ្រកោះ Zhongye និងថ្មប៉ប្រះទឹក Xianbin ជាដើម ដោយយល់ឃើញថា ភាគីចិនមានបំណងចង់ធ្វើឱ្យការប្តេជ្ញាចិត្តរបស់ហ្វីលីពីនចុះខ្សោយ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ សូមសួរថា តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Chen Xi បានឆ្លើយតបថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះកោះHuangyan និងប្រជុំកោះ Nansha និងលំហសមុទ្រជុំវិញ បូករួមទាំងកោះZhongye ថ្មប៉ប្រះទឹកXianbin និងថ្មប៉ប្រះទឹក Ren'ai ជាដើម ព្រមនិងមានសិទ្ធិអធិបតេយ្យភាព និងសិទ្ធិគ្រប់គ្រងចំពោះលំហសមុទ្រពាក់ព័ន្ធនានា។ ដែនអធិបតេយ្យហ្វីលីពីនមិនរាប់បញ្ចូលកោះ និងថ្មប៉ប្រះទឹកទាំងនេះឡើយ គ្មានសិទ្ធិនិយាយអ្វីដែលហៅថា “ការការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន”នោះទេ។ ភាគីចិនចាត់វិធានការចាំបាច់ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដើម្បីការពារផលប្រយោជន៍អធិបតេយ្យភាពរបស់ខ្លួន វាគឺត្រឹមត្រូវ សមហេតុសមផល និងប្រកបដោយលក្ខណៈវិជ្ជាជីវៈ និងអនុវត្ដតាមបទដ្ឋាននានា ។

ក្នុងរយៈពេលចុងក្រោយនេះ ភាគីហ្វីលីពីនបានអូសទាញកម្លាំងក្រៅតំបន់ ដើម្បីបំពានសិទ្ធិ និងបង្កហេតុជាបន្តបន្ទាប់ក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងបំភ្លៃការពិត និងឃោសនាបំប៉ោងរឿងមិនពិត វាគឺជាអ្នកបំផ្លិចបំផ្លាញសន្តិភាព និងជាកក្តាបង្កអស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង ។ ភាគីចិននឹងទប់ស្កាត់រាល់ទង្វើណាមួយដែលបង្ករឿងនៅក្នុងសមុទ្រចិនខាត្បូងជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕