លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» និងថ្លែងសុន្ទរកថាគន្លឹះ

CRI, September 03, 2026
Size:

នារសៀលថ្ងៃទី ១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ "អង្គការសហប្រតិបត្តិការសៀងហៃ+" នៅទីក្រុងប៊ីស្គេក ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា 《រួមគ្នាផ្តួចផ្តើមកសាងពិភពលោកពហុប៉ូលប្រកបដោយសមភាព និងមានសណ្តាប់ធ្នាប់ ដើម្បីសម្រេចបាននូវអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌ និងសមហេតុផល》។

លោក Xi Jinping បានលើកឡើងថា កិច្ចប្រជុំលើកនេះបានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិនិងកសាងពិភពលោកពហុប៉ូល ដែលបង្ហាញឱ្យឃើញពីការទទួលខុសត្រូវក្នុងយុគសម័យរបស់អង្គការសហប្រតិបត្តិការសៀងហៃក្នុងការកែទម្រង់ និងកែលម្អអភិបាលកិច្ចសកល ។ សហគមន៍អន្តរជាតិគួរតែប្រមូលគំនិតឯកភាពរួម ដើម្បីធ្វើការជ្រើសរើសដ៏ត្រឹមត្រូវមួយដែលអាចអនុវត្តជាក់ស្តែងបាននិងស្របតាមនិន្នាការប្រវត្តិសាស្ត្រ។

 លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនបានផ្តួចផ្តើមយ៉ាងសកម្មនូវការកសាងពិភពលោកពហុប៉ូលប្រកបដោយសមភាពនិងមានសណ្តាប់ធ្នាប់។ ដោយក្នុងនោះ សមភាពនៃអធិបតេយ្យភាពនិងការគោរពគ្នាទៅវិញទៅមកគឺជាគោលការណ៍មូលដ្ឋាន ការអភិវឌ្ឍប្រកបដោយតុល្យភាពនិងរបៀបរៀបរយ និងការប្រកាន់ខ្ជាប់នូវការគ្រប់គ្រងតាមច្បាប់ គឺជាតម្រូវការដ៏ចាំបាច់។ ពហុភាគីនិយម និងការសន្ទនាគ្នា គឺជាមធ្យោបាយដ៏សំខាន់ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ  ការផ្តល់ផលប្រយោជន៍ជាទូទៅនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន គឺជាទិសដៅនៃការអភិវឌ្ឍ ។

លោក Xi Jinping បានលើកសំណើចំនួន ៣ ចំណុច ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការសៀងហៃ(SCO) ដើរតួនាទីកាន់តែល្អប្រសើរ  ។

ទី ១ ជំរុញវិបុលភាពនិងការអភិវឌ្ឍរួមនៅអឺរ៉ាស៊ីដោយផ្អែកលើ"កម្លាំងអង្គការសហប្រតិបត្តិការសៀងហៃ (SCO)"។

ទី ២ ជំរុញការអភិវឌ្ឍនិងការរីកចម្រើននៃប្រទេសសកលខាងត្បូងដោយផ្អែកលើ " តម្រិះប្រាជ្ញានៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)"។

ទី៣ ដឹកនាំការធ្វើកំណែទម្រង់និងកែលម្អអភិបាលកិច្ចសកលដោយ ផ្អែកលើ"សកម្មភាពអង្គការសហប្រតិបត្តិការសៀងហៃ (SCO)"។