ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២២ ខែកក្កដា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស បានជួបពិភាក្សាការងារជាមួយលោក Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន តាមការណាត់។ លោក Wang Yi បានបង្ហាញពីជំហរដ៏ម៉ឺងម៉ាត់របស់ប្រទេសចិន និងបានតវ៉ាយ៉ាងខ្លាំងក្លាចំពោះទង្វើដ៏កម្រោលរបស់បុគ្គលិកហ្វីលីពីនដែលបើកទូកបំបុកនាវាអនុវត្តច្បាប់របស់ចិននៅតំបន់ថ្មប៉ប្រះទឹក Ren'ai។
លោក Wang Yi បានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នានិងរក្សាស្ថិរភាពនៃស្ថានការណ៍ក្នុងតំបន់តាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាទ្វេភាគី ។ ភាគីហ្វីលីពីនគួរបញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួនក្នុងបញ្ហាសមុទ្រជាបន្ទាន់ គោរពតាមការសន្យារបស់ខ្លួនចំពោះប្រទេសចិន ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីយ៉ាងប្រាកដប្រជា។
ជាការឆ្លើយតប លោក Lazaro បានថ្លែងថា ការផ្លាស់ប្តូររវាងហ្វីលីពីន និងចិនមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងជាប្រទេសជិតខាងដែលមិនអាចរើចេញទៅណាបាន។ ជានិច្ចកាល ហ្វីលីពីនតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ និងបានអនុវត្តតាមការសន្យារបស់ខ្លួនក្នុងខណៈពេលបង្កើតទំនាក់ទំនងការទូតជាមួយចិន ។ ពិភពលោកមានប្រទេសចិនតែមួយ តំបន់តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ។ ប្រទេសហ្វីលីពីនសង្ឃឹមថានឹងស្វែងរកដំណោះស្រាយយ៉ាងសមរម្យដើម្បីដោះស្រាយបញ្ហាដែនសមុទ្រតាមរយៈកិច្ចសន្ទនា និងខិតខំប្រឹងប្រែងរួមដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។