លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក អនុទីន នាយករដ្ឋមន្ត្រីថៃ

CRI, July 19, 2026
Size:

    

នៅរសៀលថ្ងៃទី ១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក អនុទីន នាយករដ្ឋមន្ត្រីថៃដែលអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ ប្រទេសចិន ៕

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគ្រស្មាញនិងមានបម្រែបម្រួលយ៉ាងខ្លាំង ភាគីចិននិងថៃគួរតែប្រើប្រាស់ឱ្យបានល្អនូវយន្តការសន្ទនាយុទ្ធសាស្ត្រ"២+២"រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរដើម្បីជំរុញឱ្យកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រឈានដល់កម្រិតកាន់តែខ្ពស់ ។ ភាគីទាំងពីរគួរតែពន្លឿនការជំរុញការកសាងផ្លូវដែកចិន-ថៃនិងការតភ្ជាប់គ្នាទៅវិញទៅមកនៃផ្លូវដែកចិន-ឡាវ-ថៃព្រមទាំងត្រួសត្រាយកិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មីដូចជា បញ្ញាសិប្បនិម្មិត អាកាសចរណ៍ អវកាសនិងថាមពលស្អាតជាដើម ។ ភាគីទាំងពីរគួរតែបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែនដូចជាល្បែងស៊ីសងអនឡាញនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ដោយឡែកការដោះស្រាយដោយសន្តិវិធីនូវជម្លោះព្រំដែនកម្ពុជា-ថៃ គឺ សមស្របនឹងផលប្រយោជន៍រួមនិងយូរអង្វែងរបស់ប្រជាជននៃប្រទេសថៃនិងកម្ពុជា ហើយប្រទេសចិនរីករាយបន្តដើរតួនាទីមានលក្ខណៈស្ថាបនាចំពោះករណីនេះ ។

    ជាការឆ្លើយតប លោក អនុទីន បានថ្លែងថា ភាគីថៃធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសចិន រក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងជិតស្និទ្ធ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យដូចជាពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាខ្ពស់ និងការតភ្ជាប់គ្នាជាដើម ក៏ដូចជារួមគ្នាប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មដូចជាល្បែងស៊ីសងអនឡាញនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការខាងអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល សំដៅឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងថៃនិងចិនផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕