កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី១៣នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)បានប្រារព្ធឡើងនៅតំបន់ម៉ាកាវកាលពីថ្ងៃទី២៧ខែមិថុនា ។ ថ្នាក់ដឹកនាំទទួលបន្ទុកវិស័យទេសចរណ៍មកពីសមាជិកសេដ្ឋកិច្ចចំនួន២១នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានចូលរួមកិច្ចប្រជុំនេះ ។
កិច្ចប្រជុំលើកនេះគឺប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាឌីជីថល-ឆ្លាតវៃ និងការកម្លាំងចលករតាមរយៈកិច្ចសហប្រតិបត្តិការ៖ ជំរុញកិច្ចកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកតាមរយៈវិស័យទេសចរណ៍” ដោយពិគ្រោះពិភាក្សាអំពីកម្លាំងរស់រវើកថ្មី កម្លាំងចលករថ្មីនិងទម្រង់អាជីវកម្មថ្មីក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចនិងរឹតចំណងមិត្តភាពប្រជាជននិងប្រជាជនសម្រាប់កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ។
តំណាងដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា វិស័យទេសចរណ៍គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំ មានសក្តានុពលដ៏ខ្លាំងក្លានិងមានអនាគតដ៏ភ្លឺស្វាង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្របខ័ណ្ឌលើកលែងទិដ្ឋការទៅវិញទៅមកបានពង្រីកជាបន្តបន្ទាប់ ដែលបានជួយលើកកម្ពស់កម្រិតភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ឆ្លងដែនឱ្យកាន់តែមានភាពរលូន ហើយចំនួនអ្នកទេសចរមានការកើនឡើងជាលំដាប់ ។ ភាគីនានារំពឹងថា រដ្ឋសមាជិកនៃអង្គការAPECនឹងរួមគ្នាស្វែងរកការច្នៃប្រឌិតថ្មីតាមរយៈភាពឆ្លាតវៃនិងឌីជីថល ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ រួមគ្នាផ្តល់កម្លាំងចលករតាមរយៈកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃវិបុលភាពក្នុងវិស័យទេសចរណ៍ និងរួមគ្នាចែករំលែកគុណតម្លៃទេសចរណ៍ ដើម្បីពួតដៃគ្នាកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ៕