
នារសៀលថ្ងៃទី ២៦ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
លោក Li Qiang បានលើកឡើងថា ភាគីចិនរីករាយក្នុងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថែមមួយកម្រិតទៀតជាមួយភាគីកម្ពុជា ចាត់ទុកការអនុវត្តជាក់ស្តែងនូវផែនការប្រតិបត្តិស្តីពីការបង្កើតសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីជាភារកិច្ចចម្បង បន្តបំពេញបន្ថែមក្របខ័ណ្ឌសហប្រតិបត្តិការ“ត្បូងពេជ្រ” ពន្លឿនការអភិវឌ្ឍ“ច្រករបៀងឧស្សាហកម្ម”និង“ច្រករបៀងមច្ឆានិងអង្ករ” លើកកម្ពស់ទ្រង់ទ្រាយ គុណភាពនិងប្រសិទ្ធភាពនៃពាណិជ្ជកម្មទ្វេភាគី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពលស្អាត សេដ្ឋកិច្ចឌីជីថលនិងបញ្ញាសិប្បនិម្មិតជាដើម ដើម្បីបង្កើនកម្លាំងចលករផ្ទៃក្នុងនៃការអភិវឌ្ឍរបស់ប្រទេសទាំងពីរជាបន្តបន្ទាប់ ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពកាន់តែរង្គោះរង្គើ ចិននិងកម្ពុជាគួរតែសាមគ្គីគ្នាយ៉ាងមុតមាំ ពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមនិងហានិភ័យពីខាងក្រៅ ដើម្បីគាំពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាគីកម្ពុជារីករាយរក្សានិន្នាការនៃការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយចិន បង្កើនការតភ្ជាប់ខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគប្រកបដោយគុណភាពខ្ពស់និងឧស្សាហកម្មជាដើម ព្រមទាំងត្រួសត្រាយសក្តានុពលសហប្រតិបត្តិការក្នុងវិស័យឌីជីថលូបនីយកម្ម ការធ្វើបរិវត្តកម្មបៃតង សេដ្ឋកិច្ចពណ៌ខៀវ ខ្សែសង្វាក់ផ្គត់ផ្គង់និងហិរញ្ញវត្ថុជាដើម ។ កម្ពុជាស្វាគមន៍សហគ្រាសចិនកាន់តែច្រើនទៅបណ្តាក់ទុននិងប្រកបអាជីពនៅកម្ពុជា ៕