នារសៀលថ្ងៃទី ២៥ ខែមិថុនានេះ លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅរដ្ឋធានីប៉េកាំង ។

ថ្លែងក្នុងកិច្ចជំនួប លោក Zhao Leji បានលើកឡើងថា នាខែមេសា ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នាប្រកាសថា នឹងកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ។ ប្រទេសចិនមានឆន្ទៈសហការជាមួយភាគីកម្ពុជា ចាត់ទុកគំនិតឯកភាពដ៏សំខាន់របស់អ្នកដឹកនាំនៃបក្សនិងរដ្ឋទាំងពីរជាការណែនាំ បន្តវេនចំណងមិត្តភាពជាប្រពៃណី បង្កើនកិច្ចសហការជាយុទ្ធសាស្ត្រ និងរួមគ្នាស្វែងរកការអភិវឌ្ឍនិងស្តារឡើងវិញ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា តាំងពីកម្ពុជានិងចិនបានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងទ្វេភាគីបានឆ្លងកាត់ការពិសោធន៍នៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ហើយបានលើកកម្ពស់ដល់សហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ។ ប្រទេសកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយមិត្តភាពជាមួយប្រទេសចិន ហើយមានឆន្ទ:បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័នបក្សនិងស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសចិន ដើម្បីធ្វើឱ្យចំណងមិត្តភាពដែកថែបរវាងកម្ពុជានិងចិនមានភាពកាន់តែស៊ីជម្រៅ ៕