ក្រសួងការបរទេសចិន៖គោលនយោបាយឧបត្ថម្ភធនខាងឧស្សាហកម្មរបស់ចិនគឺគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក

CRI, June 05, 2026
Size:

    កាលពីថ្ងៃទី៣ខែមិថុនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា គោលនយោបាយឧបត្ថម្ភធនខាងឧស្សាហកម្មរបស់ចិនគឺប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ យុត្តិធម៌ និងធ្វើតាមការកំណត់ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក ។

    ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃដដែល មានអ្នកសារព័ត៌មានសួរថា តាមរបាយការណ៍របស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យដឹងថា ក្នុងវិស័យឧស្សាហកម្មគន្លឹះចំនួន១៥ដូចជា រថយន្ត ការសាងសង់កប៉ាល់និងថាមពលសូឡាជាដើម កំណើនកូតាទីផ្សារសកលជិត៦០ភាគរយរបស់សហគ្រាសចិនគិតចាប់ពីឆ្នាំ២០០៥គឺបានមកពីឧបត្ថម្ភធន ។ លោក Mathias Cormann អគ្គលេខាធិការនៃអង្គការនេះបានថ្លែងថា ការផ្តល់ឧបត្ថម្ភធនទ្រង់ទ្រាយធំជាបន្តបន្ទាប់បានប៉ះពាល់ដល់ទីផ្សារពិភពលោក ដោយបង្កើតជាឧត្តមភាពខាងការប្រកួតប្រជែងមិនយុត្តិធម៌និងនាំឱ្យមានអតិរេកផលិតភាព ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

    លោកស្រី Mao Ning បានថ្លែងថា កម្លាំងប្រកួតប្រជែងនៃសហគ្រាសចិនមិនមែនកើតចេញពីការទទួលបានឧបត្ថម្ភធននោះទេ ប៉ុន្តែគឺកើតមកពីការប្រកួតប្រជែងក្នុងទីផ្សារប្រកបដោយកម្រិតខ្ពស់ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាបន្តបន្ទាប់និងឧត្តមភាពខាងសេដ្ឋកិច្ចទ្រង់ទ្រាយធំដែលសហគ្រាសបានដាក់ពង្រាយនៅទូទាំងពិភពលោក ។ គោលនយោបាយឧបត្ថម្ភធនខាងឧស្សាហកម្មរបស់ចិនគឺប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ យុត្តិធម៌ និងស្របតាមការកំណត់ ពោលគឺគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក ៕