យន្តការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងថៃបានរៀបចំធ្វើកិច្ចប្រជុំលើកទី៣

CRI, April 26, 2026
Size:

  កាលពីថ្ងៃទី២៤ ខែមេសា លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី៣នៃយន្តការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងថៃជាមួយលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃនៅក្រុងបាងកក ប្រទេសថៃ។ 

   លោក Wang Yi បានថ្លែងថា ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិបច្ចុប្បន្នដែលមានបម្រែបម្រួលនិងភាពច្របូកច្របល់ ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីថៃក្នុងការចាប់ដៃគ្នាជំរុញដំណើរការធ្វើទំនើបកម្មរៀងខ្លួន ដើម្បីរួមចំណែកថ្មីសម្រាប់ការជំរុញឱ្យប្រទេសសកលខាងត្បូងសហការគ្នាទទួលបានការអភិវឌ្ឍ ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

    លោក Wang Yi ក៏បានបន្តថា ភាគីចិនតែងតែផ្តួចផ្តើមឱ្យដោះស្រាយជម្លោះរវាងប្រទេសនិងប្រទេស តាមរយៈការសន្ទនាមិនមែនកម្លាំងអាវុធ សង្ឃឹមថាភាគីថៃនិងភាគីកម្ពុជាបង្ហាញពីការអត់ធ្មត់ និងបរិយាប័ន ព្រមទាំងបង្កើតបរិយាកាសធ្វើការសន្ទនា ពង្រឹងបទឈប់បាញ់ និងស្តារការប្រាស្រ័យទាក់ទងគ្នាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនឱ្យបានឆាប់ៗ ថែរក្សាបិរយាកាសដែលប្រកបដោយសន្តិភាព និងស្ថិរភាព។ ភាគីចិនរីករាយបន្តបង្កើតវេទិកាសមា្រប់ទ្វេភាគីថៃ និងកម្ពុជាក្នុងការកសាងទំនុកចិត្តឡើងវិញ និងកែលម្អនូវទំនាក់ទំនងរវាងគ្នា។

    ជាការឆ្លើយតប លោក Sihasak Phuangketkeow បានថ្លែងថា ភាគីថៃនឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិនដូចពេលមុនៗ និងប្រកាន់ខ្ជាប់គោលការណ៍ចិនមួយយ៉ាងម៉ឺងម៉ាត់។ ភាគីថៃរីករាយធ្វើការជាមួយភាគីចិនក្នុងការបង្កើនការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់នៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ព្រមទាំងជំរុញឱ្យការកសាងសហគមន៍ជោគវាសនារួមចិន-ថៃឈានទៅមុខឥតឈប់ឈរ។ ភាគីថៃបានថ្លែងអរណរគុណចំពោះប្រទេសចិនដែលបានធ្វើកិច្ចសម្របសម្រួលយ៉ាងសកម្ម ជំរុញការពិគ្រោះពិភាក្សាសន្តិភាពដើម្បីដោះស្រាយជម្លោះព្រំដែនថៃនិងកម្ពុជា ព្រមនិងសង្ឃឹមថាភាគីចិនបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងរឿងនេះ៕