
ថ្ងៃទី២២ខែមេសាតាមម៉ោងក្នុងតំបន់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក Wang Yi រដ្ឋមន្រ្តីការបរទេសចិននិងលោក Dong Jun រដ្ឋមន្រ្តីការពារជាតិចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំតាមរយៈលោក Wang Yi ពាំនាំការសួរសុខទុក្ខដ៏ស្និទ្ធស្នាលជូនចំពោះថ្នាក់ដឹកនាំប្រទេសចិន និងថ្លែងថា ប្រទេសកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះការបើកកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២»រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ។ កម្ពុជាស្វាគមន៍សហគ្រាសចិនមកវិនិយោគនៅកម្ពុជា កម្ពុជានឹងបង្ក្រាបល្បែងស៊ីសងតាមអនឡាញ និងបទឆបោកតាមប្រព័ន្ធទូរគមនាគមន៍យ៉ាងតឹងរ៉ឹងនិងមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងបញ្ហានេះ។ កម្ពុជាកោតសរសើរខ្ពស់ចំពោះតួនាទីវិជ្ជមានរបស់ប្រទេសចិនកិច្ចការតំបន់និងអន្តរជាតិ មានឆន្ទៈធ្វើការជាមួយប្រទេសចិនដើម្បីបង្កើនកិច្ចសហការគ្នាក្នុងយន្តការពហុភាគីដូចជាអង្គការសហប្រជាជាតិជាដើម ព្រមទាំងរួមគ្នាគាំពារពហុភាគីនិយម។
ជាការឆ្លើយតប លោក Wang Yi បានពាំនាំនូវការជូនពរដ៏ល្អបរវរបស់ថ្នាក់ដឹកនាំចិនជូនចំពោះថ្នាក់ដឹកនាំកម្ពុជាព្រមទាំង បានថ្លែងថាប្រទេសចិននឹងអនុលោមតាមគំនិតឯកភាពរួមដ៏សំខាន់របស់លោកXi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំកម្ពុជា ផ្តោតលើការអភិវឌ្ឍនិងសន្តិសុខ ខិតខំប្រឹងប្រែងលុបបំបាត់ការរំខានពីខាងក្រៅ ធ្វើឱ្យការកសាងទំនុកចិត្តជាយុទ្ធសាស្រ្តទៅវិញទៅមកស៊ីជម្រៅជាបន្តបន្ទាប់ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ការស្តារឡើងវិញ និងស្ថិរភាពយូរអង្វែងរបស់ប្រទេសរៀងៗខ្លួន។
លោក Dong Jun បានអធិប្បាយអំពីសភាពការណ៍នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិចិននិងកម្ពុជា។