កិច្ចសន្ទនាក្រៅផ្លូវការចិន-កម្ពុជា-ថៃលើកទីពីរបើកធ្វើនៅប៉េកាំង

CRI, April 23, 2026
Size:

កិច្ចប្រជុំត្រីភាគីរវាងចិន កម្ពុជា និងថៃ បានបើកធ្វើនៅតំបន់បឹងFuxian ក្នុងទីក្រុងYuxi ខេត្តYunnan ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់លើការពង្រឹងបទឈប់បាញ់ និងសម្រេចបាននូវការកែលម្អទំនាក់ទំនងរវាងកម្ពុជា និងថៃ ។ កាលពីថ្ងៃទី ២០ ខែមេសា កិច្ចសន្ទនាក្រៅផ្លូវការចិន-កម្ពុជា-ថៃលើកទីពីរដែលរៀបចំធ្វើដោយសាកលវិទ្យាល័យកិច្ចការបរទេសចិន បានបើកធ្វើនៅក្រុងប៉េកាំង ដើម្បីពង្រឹងសមិទ្ធផលពាក់ព័ន្ធ ប្រមូលផ្តុំគំនិតឯកភាពរួមបន្ថែមទៀត និងបង្កបរិយាកាសសាធារណមតិដែលមានអំណោយផលសម្រាប់ការកែលម្អទំនាក់ទំនងកម្ពុជា-ថៃ។

កិច្ចសន្ទនាលើកនេះបានបើកធ្វើក្រោមប្រធានបទ "ការអនុវត្តគំនិតឯកភាពរួមនៃកិច្ចប្រជុំFuxian និងការបង្កបរិយាកាសសាធារណមតិដើម្បីសន្តិភាព" ដោយមានការចូលរួមពីសំណាក់អ្នកជំនាញកិច្ចការអន្តរជាតិ តំណាងមកពីអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន កម្ពុជា និងថៃ ដើម្បីចែករំលែកការសិក្សាពីករណីគំរូ និងការផ្តល់មតិយោបល់លើបញ្ហាជាក់លាក់ដូចជា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការចាប់ដំណើរការឡើងវិញនៃពាណិជ្ជកម្មឆ្លងដែន ការការពារជនភៀសខ្លួន និងជនចំណាកស្រុកដែលវិលត្រឡប់ទៅស្រុកកំណើតវិញ និងកិច្ចសហប្រតិបត្តិការខាងសុខាភិបាលសាធារណៈជាដើម។

ក្នុងអំឡុងពេលកិច្ចសន្ទនា ភាគីកម្ពុជា និងថៃ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ប្រទេសចិនដែលបានធ្វើការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយជម្លោះ ហើយបានរំពឹងទុកថា ការកសាងទំនុកចិត្តគ្នា និងគំនិតឯកភាពរួមដែលសម្រេចបានតាមរយៈកិច្ចសន្ទនាលើកនេះនឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា៕