នាថ្ងៃទី ៥ ខែ មេសា អង្គការនៃប្រទេសនាំចេញប្រេងកាតហៅកាត់អង្គការ OPEC បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ប្រទេសផលិតប្រេងកាតសំខាន់ៗចំនួន៨នៃ"អង្គការOPECបូក”បានសម្រេចចិត្តថា នៅខែឧសភា គិតជាមធ្យមក្នុងមួយថ្ងៃនឹងបង្កើនការផលិតប្រេងឆៅចំនួន២០៦០០០បារ៉ែល ។ គិតរហូតដល់ពេលនេះ ប្រទេសទាំង៨នេះបានប្រកាសបង្កើនការផលិតប្រេងក្នុងរយៈពេល២ខែជាប់ៗគ្នា ។
នៅថ្ងៃដដែល តំណាងនៃប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាអារ៉ាប់រួម កូវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់បានរៀបចំធ្វើកិច្ចប្រជុំតាមអនឡាញ ដើម្បីពិគ្រោះពិភាក្សាពីស្ថានការណ៍និងអនាគតនៃទីផ្សារប្រេងកាតអន្តរជាតិ។សេចក្តីថ្លែងការណ៍ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំបានឱ្យដឹងថា ប្រទេសទាំង៨នេះបានគូសបញ្ជាក់ពីសារសំខាន់នៃការគាំពារខ្សែផ្លូវទឹកអន្តរជាតិនិងធានាលំហូរថាមពលប្រកបដោយភាពរលូន ។ ប្រទេសទាំង៨នេះបានផ្តោតការយកចិត្តទុកដាក់ចំពោះការដែលហេដ្ឋារចនាសម័្ពន្ធថាមពលរងការវាយប្រហារ ហើយថ្លែងថា ការជួសជុលបរិក្ខារហេដ្ឋារចនាសម័្ពន្ធថាមពលដែលរងការខូចខាត មិនត្រឹមតែនឹងចំណាយទឹកប្រាក់សន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងចំណាយពេលវេលាយ៉ាងច្រើនផងដែរ ដែលនឹងជះឥទ្ធិពលដល់ការផ្គត់ផ្គង់ថាមពលជាទូទៅនៅពិភពលោកទាំងមូល ។
សេចក្តីថ្លែងការណ៍នេះបានប្រកាសទៀតថា ទង្វើណាទាំងឡាយ ដែលបំផ្លិចបំផ្លាញដល់សន្តិសុខនៃការផ្គត់ផ្គង់ថាមពល មិនថាវាយប្រហារទៅលើហេដ្ឋារចនាសម័្ពន្ធឬធ្វើឱ្យប៉ះពាល់ដល់ខ្សែផ្លូវទឹកអន្តរជាតិក៏ដោយ ក៏សុទ្ធតែនឹងធ្វើឱ្យទីផ្សារមានភាពកក្រើកញាប់ញ័រ ហើយនឹងជះឥទ្ធិពលទៅលើអ្នកផលិត អ្នកប្រើប្រាស់និងសេដ្ឋកិច្ចសកល ៕