ចិននិងហ្វីលីពីនរៀបចំធ្វើកិច្ចប្រជុំលើកទី១១ស្តីពីយន្តការពិគ្រោះពិភាក្សាទ្វេភាគីអំពីបញ្ហាសមុទ្រចិនខាងត្បូង

CRI, March 29, 2026
Size:

កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៦ លោក Sun Weidong អនុរដ្ឋមន្ត្រីការបរទេសចិននិងលោក Leo M.Herrera-Lim អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីននិងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ានបានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី១១ស្តីពីយន្តការពិគ្រោះពិភាក្សាទ្វេភាគីអំពីបញ្ហាសមុទ្រចិនខាងត្បូងចិន-ហ្វីលីពីននៅក្រុង Quanzhou ខេត្ត Fujian ។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពស្មោះត្រង់និងលក្ខណៈស្ថាបនាអំពីស្ថានការណ៍សមុទ្រចិនខាងត្បូង ។ ភាគីចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីហ្វីលីពីនដែលបំពានសិទ្ធិ បង្កហេតុនិងឃោសនាបំប៉ោងពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនៅពេលថ្មីៗកន្លងទៅនេះ ទាមទារឱ្យភាគីហ្វីលីពីនមានប្រតិបត្តិការដូចគ្នានឹងពាក្យសម្តីរបស់ខ្លួន វិលត្រឡប់មករកផ្លូវដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ដើម្បីបង្កើតលក្ខខណ្ឌនិងបរិយាកាសដែលមានអំណោយផលសម្រាប់លំនឹងទំនាក់ទំនងទ្វេភាគី ។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង គ្រប់គ្រងស្ថានការណ៍សមុទ្រឱ្យបានសមរម្យ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យដោយនឹងនរ ហើយរួមជាមួយប្រទេសអាស៊ានផ្សេងទៀត អនុវត្តជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពនូវ《សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង》 ពន្លឿនការជំរុញការពិគ្រោះពិភាក្សាអំពី “ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង” ខិតខំប្រឹងប្រែងឈានដល់ក្រមប្រតិបត្តិក្នុងពេលឆាប់ៗ ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ៕