លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហាញអំពីសកម្មភាពសំខាន់ៗនៃសប្តាហ៍ឡានឆាង-មេគង្គឆ្នាំ២០២៦ នៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី២៣ ខែមីនា។
លោកបានលើកឡើងថា ឆ្នាំ២០២៦ គឺជាខួបទី១០នៃការបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូង។ ក្នុងរយៈ១០ឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង៦មានចំនួនលើសពី ៥០០ ប៊ីលានដុល្លារអាមេរិក គម្រោងរាប់ពាន់ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនត្រូវបានអនុវត្ត ហើយ "ប្រតិបត្តិការការពារសុវត្ថិភាពឡានឆាង-មេគង្គ " ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
លោកបានបន្តថា សប្តាហ៍ឡានឆាង-មេគង្គឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ "រួមគ្នាកសាងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២.០"។ ប្រទេសចិននឹងរៀបចំធ្វើសកម្មភាពជាង១៧០លើក ដោយផ្តោតលើការអភិវឌ្ឍបៃតងនិងកាបូនទាប ការច្នៃប្រឌិតរបស់យុវជន និងសុខុមាលភាពសាធារណៈជាដើម។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសមេគង្គទាំង៥ ដើម្បីនាំមកនូវ "ទសវត្សរ៍មាស" ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដោយប្រកាន់ខ្ជាប់នូវទស្សនៈការទូតជាមួយប្រទេសជិតខាងរបស់ចិន គឺស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងបរិយាបន្ន ។