លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមជួបពិភាក្សាការងារជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិននិងសហការី

CRI, March 18, 2026
Size:

    នៅថ្ងៃទី ១៦ ខែមីនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សាការងារជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន លោក Wang Xiaohong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនិងលោក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិនដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ"៣+៣"រវាងចិននិងវៀតណាមស្តីពីការទូត ការពារជាតិនិងសន្តិសុខសាធារណៈចិននៅទីក្រុងហាណូយ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Pham Minh Chinh បានលើកឡើងថា ការបើកធ្វើដោយជោគជ័យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ"៣+៣"រវាងចិននិងវៀតណាមបានបង្ហាញយ៉ាងពេញលេញនូវកម្រិតខ្ពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ភាគីវៀតណាមប្រកាន់ខ្ជាប់យ៉ាងម៉ឺងមាត់នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្តួចផ្តើមសកលមួយចំនួនដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ហើយរីករាយធ្វើការជាមួយភាគីចិនដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដោះស្រាយការខ្វែងគំនិតដោយសមរម្យ ក៏ដូចជាបន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងកសាងសហគមន៍រួមវាសនាវៀតណាម-ចិនដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ។

    ជាការឆ្លើយតប លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលនៃនិម្មបនកម្មដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក ហេតុនេះ ការពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនិងបង្កើនការរៀនសូត្រពីគ្នាទៅវិញទៅមកគឺជាជម្រើសដ៏ចាំបាច់របស់ភាគីទាំងពីរក្នុងការជំរុញវឌ្ឍនភាពនៃការធ្វើទំនើបកម្មរៀងៗខ្លួន ។ ភាគីចិនរីករាយធ្វើការជាមួយភាគីវៀតណាមដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃបក្សនិងរដ្ឋទាំងពីរ ធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវការតភ្ជាប់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យមានដូចជា ការតភ្ជាប់គ្នាទៅវិញទៅមក ការវិនិយោគនិងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕