លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមជួបពិភាក្សាការងារជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិននិងសហការី

CRI, March 18, 2026
Size:

    នៅថ្ងៃទី ១៦ ខែមីនា លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានជួបពិភាក្សាការងារជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន លោក Wang Xiaohong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិននិងលោក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិនដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ"៣+៣"រវាងចិននិងវៀតណាមស្តីពីការទូត ការពារជាតិនិងសន្តិសុខសាធារណៈនៅទីក្រុងហាណូយ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Tô Lâm បានសម្តែងការអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ"៣+៣"រវាងចិននិងវៀតណាមដោយបានលើកឡើងថា ជានិច្ចកាល ភាគីវៀតណាមតែងតែចាត់ទុកទំនាក់ទំនងជាមួយចិនជាអាទិភាពខ្ពស់បំផុតនៃគោលនយោបាយការបរទេសនិងជាជម្រើសជាយុទ្ធសាស្ត្ររបស់ខ្លួន ។ វៀតណាមបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងមាត់នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្តួចផ្តើមសកលទាំងបួនដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ហើយរំពឹងទុកបង្កើនការកសាងទំនុកចិត្តខាងនយោបាយទៅវិញទៅមក បង្កើនការតភ្ជាប់យុទ្ធសាស្ត្រនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយភាគីចិនដើម្បីរួមគ្នាគាំពារស្ថិរភាពនិងការអភិវឌ្ឍអន្តរជាតិនិងក្នុងតំបន់ ក៏ដូចជារួមគ្នាជំរុញការអភិវឌ្ឍបុព្វហេតុសង្គមនិយមរបស់ពិភពលោក ។

    ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ"៣+៣"រវាងចិននិងវៀតណាមគឺជាវេទិកាសម្រាប់ការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រដែលចិននិងវៀតណាមរួមគ្នាផ្តួចផ្តើមដំបូងបង្អស់ក្នុងក្របខ័ណ្ឌទូទាំងពិភពលោកដែលជានិមិត្តសញ្ញាបង្ហាញថា ការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានឡើងដល់កម្រិតថ្មី ហើយការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រទទួលបានការវិវឌ្ឍរីកចម្រើនថ្មី ។

    លោក Wang Yi បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយធ្វើការជាមួយភាគីវៀតណាមដើម្បីអនុវត្តតាមគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ និងពន្លឿនការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ក្នុងន័យពួតដៃគ្នាឆ្ពោះទៅកាន់ដំណើរថ្មីសម្រាប់ការសម្រេចបាននូវការធ្វើទំនើបកម្ម ៕