ប្រតិបត្តិការយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គរវាងចិន ឡាវ មីយ៉ាន់ម៉ានិងថៃលើកទី ១៦២ បានចាប់ដំណើរការ

CRI, February 11, 2026
Size:

      ព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦  នាវាអនុវត្តច្បាប់៣ គ្រឿងរបស់ភាគីចិនបានបន្លឺស៊ីរ៉ែនចេញដំណើរពីកំពង់ផែ Jingha  នៃមណ្ឌលស្វយ័ត Xishuangbanna ខេត្ត Yunnan  ប្រទេសចិន ដែលជាសញ្ញាបង្ហាញថា  ប្រតិបត្តិការយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គរវាងចិន ឡាវ មីយ៉ាន់ម៉ានិងថៃលើកទី ១៦២ បានចាប់ដំណើរការជាផ្លូវការ   ខណៈនាវាអនុវត្តច្បាប់របស់ឡាវនិងមីយ៉ាន់ម៉ាដែលចូលរួមក្នុងប្រតិបតិ្តការលើកនេះក៏បានចេញដំណើរពីកំពង់ផែរបស់ប្រទេសខ្លួនផងដែរ ។

          នាវាអនុវត្តច្បាប់របស់ភាគីពាក់ព័ន្ធនឹងជួបជុំគ្នានៅដងទន្លេមេគង្គ  បន្ទាប់មក នឹងបង្កើតជាក្រុមដើម្បីអនុវត្តច្បាប់ចម្រុះ។ សូមបញ្ជាក់ថា មុនពេលប្រតិបត្តិការលើកនេះ ស្ថាប័ននីតិប្រតិបត្តិពាក់ព័ន្ធនៃប្រទេសទាំងបួនបានបើកធ្វើកិច្ចប្រជុំមេបញ្ជាការប្រតិបត្តិការនៅក្រុង Jinghong ប្រទេសចិន  ដោយផ្តោតលើសភាពការណ៍ដែលបុណ្យចូលឆ្នាំថ្មីចិនជិតចូលមកដល់ ការដឹកជញ្ជូនតាមដងទន្លេមេគង្គកាន់តែមមាញឹក   ភាគីទាំងបួនបានធ្វើការពិគ្រោះពិភាក្សានិងឈានដល់គំនិតមតិឯកភាពរួមអំពីការបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីគាំពារសន្តិសុខនិងស្ថិរភាពផ្នែកនាវាចរណ៍ ។  ក្រុមអនុវត្តច្បាប់ចម្រុះនឹងយាមល្បាតតាមដែនទឹកសំខាន់ៗនៃទន្លេមេគង្គ  ធ្វើការត្រួតពិនិត្យនិងឆែកឆេរតាមដែនទឹកនិងគោក ធ្វើការផ្សព្វផ្សាយពីប្រតិបត្តិការអនុវត្តច្បាប់ ព្រមទាំងបង្ក្រាបយ៉ាងតឹងរ៉ឹងចំពោះឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ៕