កាលពីថ្ងៃទី ២៩ ដល់ទី ៣០ ខែកក្កដា កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការស្តង់ដារវាស់វែង ឡានឆាង-មេគង្គ លើកទី ៥ បានប្រារព្ធដោយជោគជ័យនៅទីក្រុងណាននីង តំបន់ក្វាងស៊ី ប្រទេសចិន ក្រោមប្រធានបទ "លើកកម្ពស់កិច្ចសហប្រតិបត្តិការថាមពលស្អាត សម្រេចបានការអភិវឌ្ឍបៃតង និងនិរន្តរភាពក្នុងតំបន់"។ តំណាងមកពីស្ថាប័នគ្រប់គ្រងការវាស់វែងនៃរដ្ឋាភិបាល និងស្ថាប័នវាស់វែងថ្នាក់ជាតិនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ រួមទាំងអ្នកជំនាញ និងតំណាងមកពីប្រទេសអាល្លឺម៉ង់ សឹង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត សរុបជាង ១៣០ នាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
ក្នុងអំឡុងកិច្ចប្រជុំនេះ វិទ្យាស្ថានជាតិវាស់វែងចិនបានចុះហត្ថលេខាបន្តអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវិទ្យាស្ថានវាស់វែងប្រទេសថៃ និងវិទ្យាស្ថានវាស់វែងប្រទេសវៀតណាម។ ស្ថាប័នវាស់វែងនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានរួមគ្នាកំណត់គោលដៅ និងកិច្ចការសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំខាងមុខ ក្នុងវការងារមួយចំនួន ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍប្រព័ន្ធតាមដានប្រភពអំពីការវាស់វែង និងការទទួលស្គាល់លទ្ធផលវាស់វែងគ្នាទៅវិញទៅមកដែលទាក់ទិនទៅនឹងថាមពលស្អាត និងវិស័យសំខាន់មួយចំនួនទៀត។
កិច្ចប្រជុំនេះគឺជាវិធានការជាក់ស្តែងមួយសម្រាប់ការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសទន្លេឡានឆាង-មេគង្គ ដែលបង្ហាញពីការពង្រីកជាលំដាប់លំដោយនូវបណ្តាញកិច្ចសហប្រតិបត្តិការវាស់វែងជាមួយប្រទេសអាស៊ានកាន់តែច្រើន និងបានឆ្លុះបញ្ចាំងពីចក្ខុវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ានក្នុងការវាស់វែងលើវិស័យថាមពលស្អាត និងជំរុញការតភ្ជាប់ក្នុងតំបន់ ដើម្បីចាក់បញ្ចូលនូវកម្លាំងជំរុញថ្មីទៅក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់។