
កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១២ បានប្រារព្ធជាផ្លូវការតាមប្រព័ន្ធវីដេអូ។ តំណាងមកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានរួមគ្នាពិនិត្យឡើងវិញ និងបូកសរុបវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលបន្ទាប់ និងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ លើកទី ១០។
ឯកឧត្តម ស៊ុន វៃតុង អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី ១០ ឆ្នាំនៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ។ ប្រឈមនឹងស្ថានភាពពិភពលោកដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្ថានការណ៍អន្តរជាតិដែលកំពុងកើតមានការផ្លាស់ប្តូរដ៏ស្មុគស្មាញ ប្រទេសនានាចាំបាច់ត្រូវតែរួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការជាងពេលណាៗទាំងអស់។ ភាគីចិននឹងបន្តអនុវត្តតាមទស្សនៈទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងដែលថា"រាប់អានគ្នា មានភាពស្មោះត្រង់ ផ្តល់ការអនុគ្រោះ និងប្រកបដោយបរិយាបន្ន" ហើយបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ កសាងរបងការពារសន្តិសុខឱ្យកាន់តែរឹងមាំ និងជំរុញការតភ្ជាប់បេះដូងរវាងប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសទន្លេមេគង្គ ព្រមទាំងចាក់បញ្ចូលនូវកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ និងរួមគ្នាបើកទំព័រនៃទសវត្សរ៍មាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ភាគីនានាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយបានឯកភាពគ្នាលើការពង្រឹងការជឿទុកចិត្តគ្នាខាងនយោបាយ បង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយពីស្មារតីឡានឆាង-មេគង្គ ពួតដៃគ្នាលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ព្រមទាំងរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានាក្នុងតំបន់។