ក្រសួងការបរទេសចិន៖ ភាគីចិននឹងបន្តដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការសម្រុះសម្រួលទំនាក់ទំនងកម្ពុជា-ថៃតាមរយៈវិធីសាស្ត្ររបស់ខ្លួន

CRI, August 07, 2025
Size:

      លោក Guo Jiakun  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ៥ ខែសីហាថា  ភាគីចិនសូមកោតសរសើរនិងស្វាគមន៍ចំពោះការដែលភាគីកម្ពុជានិងភាគីថៃបើកធ្វើកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ  ភាគីចិននឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញការចរចា,  ចិននឹងបន្តប្រកាន់ខ្ជាប់គោលជំហរយុត្តិធម៌ ដើម្បីដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការសម្រុះសម្រួលទំនាក់ទំនងកម្ពុជា-ថៃតាមរយៈវិធីសាស្ត្ររបស់ខ្លួន។

       លោក Guo Jiakun  បានថ្លែងថា បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការត្រីភាគីចិន-កម្ពុជា-ថៃបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកក្កដា មក នៅតំបន់ព្រំដែនកម្ពុជា-ថៃមិនមានករណីបាញ់គ្នាទៀតទេ សភាពការណ៍ក្នុងតំបន់បានវិលទៅរកភាពស្ងប់ស្ងាត់  គំនិតឯកភាពលើបទឈប់បាញ់រវាងកម្ពុជានិងថៃត្រូវបានអនុវត្តជាបណ្តើរៗ  ។ ក្រោមការសម្របសម្រួលជាវិជ្ជមានរបស់ម៉ាឡេស៊ីដែលជាប្រធានផ្លាស់វេនអាស៊ាន ភាគីទាំងពីរកម្ពុជានិងថៃបានបើកធ្វើកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ ដើម្បីផ្លាស់ប្តូរមតិយោបល់និងប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់តាមមធ្យោបាយខុសៗគ្នា ស្តីពីផែនការលម្អិតនៃយន្តការតាមដានបទឈប់បាញ់  ដែលមានអំណោយផលដល់ការសម្រេចបទឈប់បាញ់ជានិរន្តរភាពនិងប្រកបដោយប្រសិទ្ធភាព ។ ភាគីចិនសូមកោតសរសើរនិងស្វាគមន៍ចំពោះប្រការនេះ។

     លោកបានបន្តថា  អនុលោមតាមឆន្ទៈរបស់ភាគីទាំងពីរកម្ពុជានិងថៃ  ភាគីចិនបានរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយកម្ពុជានិងថៃ ព្រមទាំងប្រទេសក្នុងតំបន់ដូចជាម៉ាឡេស៊ីជាដើម  ដើម្បីពង្រឹងបទឈប់បាញ់ និងជំរុញការសន្ទនា ដើម្បីរួមចំណែកកាត់បន្ថយកម្តៅនៃភាពតានតឹងនិងរក្សាស្ថិរភាព៕