នៅថ្ងៃទី៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការលើកឡើងរបស់មេដឹកនាំហ្វីលីពីនអំពីបញ្ហាតៃវ៉ាន់។
តាមការផ្សាយដំណឹងឱ្យដឹងថា ពេលផ្តល់បទសម្ភាសន៍ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា មេដឹកនាំហ្វីលីពីនបានអះអាងថា ប្រសិនបើប្រទេសចិននិងសហរដ្ឋអាមេរិកមានការប្រឈមមុខដាក់គ្នាលើបញ្ហាតៃវ៉ាន់ នោះហ្វីលីពីនមិនឱបដៃឈរមើលឡើយ ព្រោះវាស្ថិតលើទីតាំងភូមិសាស្ត្ររបស់ប្រទេសហ្វីលីពីន។ ប្រសិនបើសង្គ្រាមផ្ទុះទ្រង់ទ្រាយធំ(នៅច្រកសមុទ្រតៃវ៉ាន់) ហ្វីលីពីនប្រាកដជាត្រូវទាញទម្លាក់ទៅក្នុងនោះដោយជៀសមិនរួច។ យើងនឹងត្រូវបង្ខំចិត្តការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះការលើកឡើងបែបនេះ?
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។ តើត្រូវដោះស្រាយបញ្ហាតៃវ៉ាន់ដោយរបៀបណា វាគឺជារឿងផ្ទាល់ខ្លួនរបស់ប្រជាជនចិន ដែលមិនអនុញ្ញាតឱ្យអ្នកដទៃមកជ្រៀតជ្រែកនោះឡើយ។
រដ្ឋាភិបាលហ្វីលីពីនធ្លាប់បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិនថា ខ្លួន"ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់តៃវ៉ាន់ថាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន"។ ពាក្យសម្តីទាំងនេះហាក់ទើបនិយាយថ្មីៗ ប៉ុន្តែឥឡូវនេះហ្វីលីពីនបែរជាលេបពាក្យសន្យារបស់ខ្លួន ដោយមិនអើពើពីផលវិបាក និងប្រើពាក្យសម្ដីខុសឆ្គងនិងសកម្មភាពបង្កហេតុជាបន្តបន្ទាប់ ដែលបន្តធ្វើឱ្យប៉ះពាល់ទំនាក់ទំនងចិន-ហ្វីលីពីន។ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយក្រសួងការបរទេសចិន និងស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីហ្វីលីពីនរួចហើយ៕