ចិនអនុវត្តគោលនយោបាយដ៏នឹងនរ ដើម្បីធ្វើជា “ម៉ាស៊ីនលំនឹង”ដ៏ល្អប្រសើរសម្រាប់កំណើនសេដ្ឋកិច្ចសកល

CRI, December 17, 2025
Size:

        “ក្នុងបរិបទដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលបានកើនឡើង ប្រទេសចិនបានសម្របសម្រួលសេដ្ឋកិច្ចតាមរយៈគោលនយោបាយកាន់តែសកម្មនិងនឹងនរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាផ្តល់តម្រូវការដ៏មានប្រសិទ្ធភាពដល់សេដ្ឋកិច្ចសកលផងដែរ ។” ទាក់ទិននឹងសន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែធ្នូនៅក្រុងប៉េកាំង លោក John Milligan-Whyteប្រធានប្រតិបតិ្តនៃមូលនិធីសហប្រតិបតិ្តការរវាងអាមេរិកនិងចិនបានថ្លែងដូចពោលខាងលើ ។

        ហេតុអ្វីបានជាសន្និសីទស្តីពីការងារសេដ្ឋកិច្ចប្រចាំឆ្នាំលើកនេះបានទាក់ទាញក្រសែភ្នែករបស់ពិភពលោក ? បើមើលពីការអភិវឌ្ឍរបស់ចិនអាចឃើញថា ឆ្នាំក្រោយជាឆ្នាំចាប់ផ្តើមសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥  រីឯសន្និសីទលើកនេះបានបើកធ្វើនៅពេលវេលាដ៏គន្លឹះក្នុងប្រវតិ្តសាស្ត្រ ពោលគឺ ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ជិតនឹងបញ្ចប់ដោយគាប់ប្រសើរ ហើយការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ជិតនឹងចាប់ដំណើរការ ដូច្នេះសន្និសីទលើកនេះមានសារសំខាន់ណាស់ ។ បើមើលពីសភាពការណ៍សេដ្ឋកិច្ចសកលអាចឃើញថា បច្ចុប្បន្ននេះ គាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយកើតឡើងជាញឹកញាប់ ដូច្នេះ ពិភពលោកត្រូវការជាបន្ទាន់នូវកម្លាំងចលករនៃកំណើន ។ ក្នុងរយៈពេលយូរមកហើយ ចិនសុទ្ធតែជា"ម៉ាស៊ីនលំនឹង"នៃកំណើនសេដ្ឋកិច្ចសកល  ។ ជាពិសេស គឺនៅឆ្នាំនេះ សេដ្ឋកិច្ចចិនបានពុះពារឧបសគ្គនិងឆ្ពោះទៅមុខក្រោមសម្ពាធ តាមការប៉ាន់ប្រមាណទំហំសេដ្ឋកិច្ចសរុបបានឡើងដល់១៤០ ទ្រីលានយាន់ប្រាក់ចិន ដែលបានបង្ហាញឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងក្លា ។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានជាច្រើន ដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកជាដើមបានដំឡើងការព្យាករណ៍ចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិនព្រមៗគ្នា ។

        តើនៅឆ្នាំក្រោយ ចិននឹងអនុវត្តវិធានការណាខ្លះលើវិស័យសេដ្ឋកិច្ច ? សន្និសីទលើកនេះបានកំណត់ភារកិច្ចដ៏សំខាន់ដោយប្រើប្រាស់ “ការប្រកាន់ខ្ជាប់៨ចំណុច” ពោលគឺ ប្រកាន់ខ្ជាប់ការចាត់ទុកតម្រូវការក្នុងស្រុកជាការណែនាំនិងការជំរុញដោយការច្នៃប្រឌិតថ្មី ប្រកាន់ខ្ជាប់កំណែងទម្រង់និងការបើកទូលាយចំពោះក្រៅប្រទេស ប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយភាពស៊ីសង្វាក់គ្នានិងជំរុញការសម្រេចបាននូវគោលដៅ “កាបូនពីរ ” ប្រកាន់ខ្ជាប់ការចាត់ទុកជីវភាពរស់នៅរបស់ប្រជាជនជាភារកិច្ចចម្បងនិងគាំពារផលប្រយោជន៍ជាមូលដ្ឋាន ប្រការទាំងនេះបានគ្របដណ្តប់គ្រប់វិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ សនិ្នសីទលើកនេះបានធ្វើការរៀបចំចាត់ចែងមួយចំនួនដែលផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ដូចជាបង្កើនចំណូលរបស់ប្រជាជនជាដើមផង ហើយក៏បានផ្តោតសំខាន់ទៅលើធ្វើកិច្ចខិតខំប្រឹងប្រែងទាំងផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការ ដើម្បីបំផុសសក្តានុពលនៃតម្រូវការក្នុងស្រុក ដែលនឹងផ្តល់ “ឱកាសទីផ្សារ”ដ៏កម្រដល់ពិភពលោកផងដែរ ។

        ឆ្នាំក្រោយ ប្រទេសចិនក៏នឹង“ប្រកាន់ខ្ជាប់ការជំរុញដោយការច្នៃប្រឌិតថី្ម ពន្លឿនការពូនជ្រំកម្លាំងចលករថ្មី ” បើនិយាយចំពោះអ្នកប្រើប្រាស់និងអ្នកវិនិយោគបរទេស ប្រការនេះគឺមានន័យថា នឹងទទួលបានភាគលាភយ៉ាងច្រើន ។ ឆ្នាំនេះ ក្រុមហ៊ុនទុនបរទេស ដូចជាក្រុមហ៊ុនAstraZeneca និងក្រុមហ៊ុនPorsche ជាដើមបាននាំគ្នាបង្កើនការបណ្តាក់ទុននៅប្រទេសចិន ព្រមទាំងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៅប្រទេសចិនផងដែរ ។

        មិនថានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ប្រទេសចិនសុទ្ធតែប្រកាន់ខ្ជាប់ការពង្រីកការបើកទូលាយជានិច្ច ។ ឆ្នាំ២០២៥ ការបើកទូលាយជាប្រព័ន្ធច្បាប់នៃប្រទេសចិនមានភាពស៊ីជម្រៅជាបន្តបន្ទាប់ ភារកិច្ចសាកល្បងចំនួន១៥៥មុខ បានជំរុញឱ្យមុខរបរសេវាកម្មមានភាពបើកទូលាយថែមទៀត ហើយបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគី ឬលើកលែងទិដ្ឋាការទៅវិញទៅមកចំពោះប្រទេសចំនួន៧៦ ។ ប៉ុន្មានថ្ងៃទៀត តំបន់ពាណិជ្ជកម្មសេរីខេត្ត Hainan នឹងចាប់ដំណើរការនូវប្រតិបត្តិការគយឯករាជ្យ ការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់ចិននឹងឡើងដល់កម្រិតថ្មីទៀត ។

        ឆ្នាំ២០២៥ ដែលជាឆ្នាំមិនធម្មតាជិតនឹងកន្លងផុតទៅហើយ ។ សេដ្ឋកិច្ចចិនបានឆ្ពោះទៅរកភាពថ្មីនិងគុណភាពថ្មីក្រោមសម្ពាធ គោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនឹងសម្រេចបានដោយរលូន ។ នៅឆ្នាំ២០២៦ដែលជិតនឹងចូលមកដល់ ប្រទេសចិនមានអនាគតគួរឱ្យរំពឹងទុក ៕