កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងចាប់ផ្តើមដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលនៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ។
លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា "ប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ យើងត្រូវពង្រឹងជំនឿចិត្ត និងប្រកាន់ខ្ជាប់នូវការបំពេញការងាររបស់ខ្លួនឱ្យបានល្អ និង ការបើកទូលាយចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ ។ គោលដៅយុទ្ធសាស្ត្រនៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន គឺដើម្បីធ្វើឱ្យវាក្លាយជាច្រកទ្វារដ៏សំខាន់មួយសម្រាប់ជំរុញការបើកទូលាយរបស់ចិនក្នុងយុគសម័យថ្មី ។
ការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន គឺជាវិធានការយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់កំណែទម្រង់ និងការបើកទូលាយនៅក្នុងយុគសម័យថ្មីរបស់ចិន ដែលរៀបផែនការ ចាត់ចែងនិងជំរុញដោយផ្ទាល់ពីសំណាក់លោក Xi Jinping ។
កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៨ ក្នុងមហាសន្និបាតអបអរសាទរខួបលើកទី៣០ នៃការបង្កើតខេត្តហៃណាន និងតំបន់សេដ្ឋកិច្ចពិសេសកោះហៃណាន លោក Xi Jinping បានប្រកាសថា៖ គណៈកម្មាធិការមជ្ឈិមបក្សបានសម្រេចចិត្តគាំទ្រការកសាងតំបន់សាកល្បងពាណិជ្ជកម្មសេរីនៅលើកោះហៃណានទាំងមូល និងគាំទ្រហៃណានក្នុងការស្វែងរក និងជំរុញការកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលមានលក្ខណៈពិសេសចិនជាលំដាប់ ក៏ដូចជាបង្កើតគោលនយោបាយនិងប្រព័ន្ធនៃកំពង់ផែពាណិជ្ជកម្មសេរីដោយចែកជាដំណាក់កាល ។
កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ «ផែនការគោលស្តីពីការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន» ត្រូវបានដាក់ចេញ ដែលជាកាបោះជំហានដ៏សំខាន់មួយក្នុងការកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលមានលក្ខណៈពិសេសចិន។ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ «ច្បាប់កំពង់ផែពាណិជ្ជកម្មសេរីហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន » ត្រូវបានដាក់ឱ្យប្រើប្រាស់ និងអនុវត្តជាផ្លូវការ ដែលបានផ្តល់នូវការធានាផ្នែកច្បាប់ដ៏រឹងមាំសម្រាប់ការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន។
លោក Xi Jinping បានលើកឡើងថា ត្រូវរៀនពីបទពិសោធដ៏ជោគជ័យនៃកំពង់ផែពាណិជ្ជកម្មសេរីអន្តរជាតិកម្រិតខ្ពស់ ក្រៅពីនេះ ក៏ត្រូវតែឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីលក្ខណៈពិសេសរបស់ចិននៅក្នុងការរៀបចំផែនការ និងការកសាងផងដែរ។ ខេត្តហៃណានមានធនធានធម្មជាតិដ៏ពិសេស ហើយមានតែបន្តប្រើប្រាស់ឧត្តមភាពរបស់ខ្លួនឱ្យបានល្អ ដូចជាអាកាសធាតុ អេកូឡូស៊ី និងធនធានវិស័យទេសចរណ៍ជាដើម ទើបអាចទាក់ទាញធនធានមនុស្ស និងសហគ្រាសកាន់តែច្រើនឱ្យមកបោះទីតាំង និងវិនិយោគនៅទីនេះ ។
នៅឆ្នាំនេះ កំពង់ផែកុងតឺន័រអន្តរជាតិយ៉ាងពូ ខេត្តហៃណាន បានដាក់ឱ្យដំណើរការនូវផ្លូវដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិថ្មីចំនួន ៨ ។ ផ្លូវដឹកជញ្ជូនកុងតឺន័រថ្មីពីកំពង់ផែយ៉ាងពូ ទៅកាន់កំពង់ផែឆាន់ខេយ ប្រទេសប៉េរូ ដែលបានដាក់ឱ្យដំណើរការនៅចុងខែតុលាឆ្នាំនេះ មិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវបណ្តាញដឹកជញ្ជូនរបស់កំពង់ផែយ៉ាងពូប៉ុណ្ណោះទេ ថែមទាំងបានបង្កើតផ្លូវដឹកជញ្ជូនរវាងមជ្ឈមណ្ឌលឆ្លងកាត់ប៉ាស៊ីហ្វិកទាំងពីរនេះផងដែរ។
សំណើនៃ "ផែនការប្រាំឆ្នាំទី១៥" ដែលត្រូវបានពិនិត្យ និងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានតាមស្តង់ដាខ្ពស់" ដែលបានគ្រោងផែនការគោលសម្រាប់ការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ។
ប្រទេសចិនដែលប្រកបដោយបរិយាបន្ននិងការបើកទូលាយកម្រិតខ្ពស់ នឹងមានអនាគតកាន់តែល្អប្រសើរ ។