ក្រសួងការបរទេសចិន៖ ភាគីហ្វីលីពីនគួរបញ្ឈប់ការដឹកនាំរឿងសម្តែងឆាកល្ខោនក្នុងបញ្ហាសមុទ្រដោយគ្មានទីបញ្ចប់

CRI, December 18, 2025
Size:

ថ្ងៃទី ១៥ ខែធ្នូ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរអំពីករណីដែលនាវាជាច្រើនគ្រឿងរបស់ហ្វីលីពីនទទូចបរចូលទៅដែនសមុទ្រនៃថ្មប៉ប្រះទឹក Xianbin ដើម្បីបង្កការរំខាននិងបង្កហេតុនាពេលថ្មីៗកន្លងទៅនេះ។

លោក Guo Jiakunបានលើកឡើងថា ថ្មប៉ប្រះទឹក Xianbin ជាផ្នែកមួយនៃប្រជុំកោះ Nansha របស់ចិន ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះ ប្រជុំកោះ Nansha ដែលបូករួមទាំងថ្មប៉ប្រះទឹក Xianbin និងដែនសមុទ្រនៅជុំវិញ។ ថ្ងៃទី ១២ ខែធ្នូ ហ្វីលីពីនបានប្រមូលផ្តុំនាវាជាច្រើនគ្រៀងដើម្បីបង្កការរំខាន និងបង្កហេតុនៅលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin រហូតដល់មានបុគ្គលិកហ្វីលីពីនប្រើកាំបិទគំរាមកំហែងឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធិ និងអនុវត្តច្បាប់នៅនឹងកន្លែងទៀតផង។ ទង្វើរបស់ហ្វីលីពីនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសិទ្ធិនិងផលប្រយោជន៍របស់ចិន រំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ និងសេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពសមុទ្រ។

ចំណាត់ការដ៏ចាំបាច់ទាំងអស់របស់ចិន ដើម្បីគាំពារអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ខ្លួន  គឺសមហេតុផល និងស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងអត់ធ្មត់ ពោលគឺគ្មានអ្វីត្រូវជជែកនោះទេ៕