អង្គការសហប្រជាជាតិអំពាវនាវឱ្យជំរុញការកាត់បន្ថយកម្តៅនៃជម្លោះរវាងកម្ពុជានិងថៃតាមរយៈការសន្ទនានិងភាពអត់ធ្មត់

CRI, December 24, 2025
Size:

  កាលពីថ្ងៃទី២២ ខែធ្នូ តាមម៉ោងក្នុងតំបន់ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់អង្គការសហប្រជាជាតិ លោក Stéphane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិបានថ្លែងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានCCTVថា អង្គការសហប្រជាជាតិសូមស្វាគមន៍សេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីសភាពការណ៍កម្ពុជានិងថៃនាពេលបច្ចុប្បន្ន និងគាំទ្រប្រទេសក្នុងតំបន់ឱ្យជំរុញការការត់បន្ថយកម្តៅនៃជម្លោះរវាងកម្ពុជានិងថៃតាមរយៈការសន្ទនានិងភាពអត់ធ្មត់។

 ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការបរទេសរបស់បណ្តាប្រទេសអាស៊ាននានាបានបើកធ្វើកិច្ចប្រជុំពិសេសស្តីពីសភាពការណ៍រវាងកម្ពុជានិងថៃ និងបានចេញសេចក្តីថ្លែងការណ៍រួម ដោយបានរំលឹកឡើងវិញពីកិច្ចសន្យារួម ស្តីពីការចៀសវាងធ្វើការគំរាមកំហែងដោយកម្លាំងអាវុធ និងដោះស្រាយជម្លោះដោយសន្តិវិធី។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍នេះក៏បានដាស់តឿនឱ្យកម្ពុជានិងថៃរក្សាភាពអត់ធ្មត់ជាអតិបរមា និងស្វាគមន៍ភាគីកម្ពុជានិងថៃរៀបចំកិច្ចពិភាក្សាអំពីការអនុវត្តបទឈប់បាញ់ឡើងវិញផងដែរ៕