ភាគីចិនបង្ហាញពីស្ថានភាពថ្មីបំផុតទាក់ទឹងនឹងការងារសម្របសម្រួលរបស់បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនទៅកម្ពុជានិងថៃ

CRI, December 25, 2025
Size:

    ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីរបស់ក្រសួងការបរទេសចិនបានទៅបំពេញទស្សនកិច្ចនៅកម្ពុជានិងថៃ ដើម្បីសម្របសម្រួលសម្រាប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ ក្នុងំអំឡុងពេលទស្សនកិច្ច នៅកម្ពុជា លោកបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចធិបតី ហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។  រីឯនៅប្រទេសថៃ លោកបានជួបពិភាក្សាជាមួយលោក Anutin នាយករដ្ឋមន្ត្រីថៃ លោក Nattapong  រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកUgli មេបញ្ជាការកងទ័ពជើងគោកថៃ  និងលោក Ashley អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ។

 លោក Deng Xijun បានថ្លែងថា ភាគីចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពកាណ៍ព្រំដែនរវាងកម្ពុជានិងថៃនាពេលបច្ចុប្បន្ន និងមានទុក្ខសោកយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតនិងនិរាសព្រាត់ប្រាសរបស់ប្រជាជនកម្ពុជានិងថៃដែលបណ្តាលមកពីជម្លោះនៃប្រទេសទាំងពីរ លោកក៏បានសម្តែងការសួរសុខទុក្ខយ៉ាងស្មោះ។  ភារកិច្ចបន្ទាន់បំផុតនាពេលបច្ចុប្បន្ន គឺការសម្រេចបានបទឈប់បាញ់ក្នុងពេលឆាប់ៗ និងរៀបចំកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ ភាគីចិនគាំទ្រកិច្ចខិតខំប្រឺងប្រែងសម្របសម្រួលរបស់អាស៊ាន ក៏ដូចជាគាំទ្រក្រុមអ្នកសង្កេតការណ៍អាស៊ានឱ្យដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យបទឈប់បាញ់។  ភាគីចិនមានឆន្ទៈផ្តល់ជាលក្ខខណ្ឌនិងវេទិកាសម្រាប់កិច្ចសន្ទនានិងការចរចារវាងកម្ពុជានិងថៃ។ សង្ឃឹមថា ភាគីកម្ពុជានិងថៃអាចដើរស្របតាមទិសដៅតែមួយ ខិតខំប្រឹងប្រែងស្តារទំនុកចិត្តគ្នា និងកសាងសន្តិភាពតាមតំបន់ព្រំដែនឡើងវិញ។

  ជាការឆ្លើយតប ភាគីទាំងពីរកម្ពុជានិងថៃបានថ្លែងអំណរគុណដល់ភាគីចិនដែលបានខិតខំជំរុញការផ្សាះផ្សាគ្នានិងកិច្ចសន្ទនាតាមវិធីដែលភាគីនានាសុទ្ធតែអាចទទួលយកបាន ព្រមទាំងបានលើកឡើងពីការខិតខំជំរុញឱ្យមានសន្តិភាព និងរំពឹងទុកថាអាចសម្រេចបាននូវបទឈប់បាញ់ដោយចីរភាព។ ភាគីទាំងពីរកម្ពុជានិងថៃមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីជំរុញការកាត់បន្ថយកម្តៅ និងស្តារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ព្រំដែនរវាងកម្ពុជានិងថៃក្នុងពេលឆាប់ៗ៕