
នៅថ្ងៃទី ២៨ ខែសីហា ព្រឹត្តិការណ៍ "ជួបជុំគ្នា និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក៖ កិច្ចសន្ទនាស្តីពីប្រភពសហប្រតិបត្តិការឡានឆាង-មេគង្គ" បានប្រារព្ធឡើងនៅទីក្រុងស៊ីនីង ខេត្តឈីងហៃ ប្រទេសចិន។ ក្នុងឱកាសអបអរសាទរខួបលើកទី ១០ ឆ្នាំនៃការបង្កើតយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសទន្លេឡានឆាង-មេគង្គបានប្រមូលផ្តុំគ្នានៅតាមប្រភពទន្លេឡានឆាង ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ចំនួន ៣ រួមមាន "កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍឧស្សាហកម្ម ការការពារបរិស្ថានតាមប្រភព និងមរតកបេតិកភណ្ឌវប្បធម៌តាមប្រភព" ដោយរំលឹកឡើងវិញនូវកិច្ចសហប្រតិបត្តិការរយៈពេលមួយទសវត្សរ៍កន្លងមក និងសម្លឹងមើលទៅជំពូកថ្មីនៃការអភិវឌ្ឍនាពេលអនាគត។
ក្នុងអំឡុងពេលនៃកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម អង្គប្រជុំយល់ឃើញថា ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ មានធនធានពិសេសរៀងៗខ្លួន ហើយអាចបំពេញបន្ថែមគ្នាអាស្រ័យលើគុណសម្បត្តិរៀងខ្លួនក្នុងវិស័យទីផ្សារ ចំនួនប្រជាជន និងទីតាំងភូមិសាស្ត្រ ព្រមទាំងមានសក្តានុពលដ៏ធំធេងសម្រាប់ភាពស៊ីសង្វាក់គ្នាផ្នែកសេដ្ឋកិច្ច។ ភាគីនានាគួរតែលើកកម្ពស់បន្ថែមទៀតនូវការធ្វើសាមញ្ញកម្មពាណិជ្ជកម្ម និងការវិនិយោគ ហើយពង្រឹងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ដែលនឹងអាចបញ្ចេញសក្តានុពលអភិវឌ្ឍន៍តំបន់កាន់តែច្រើនឡើងៗ។
លោក Songrit Ratanadilok Na Bhuket ប្រធានសមាគមសេដ្ឋកិច្ចថៃ-ចិន បានថ្លែងថា យើងត្រូវខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរចំណងទន្លេឡានឆាង-មេគង្គឱ្យទៅជាទំនាក់ទំនងពាណិជ្ជកម្មកាន់តែទូលំទូលាយ កិច្ចសហប្រតិបត្តិការវិនិយោគកាន់តែមានពិពិធភាព ភាពជាដៃគូពាណិជ្ជកម្មកាន់តែរឹងមាំ និងវិធានការសម្របសម្រួលពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព។
លោក ធីវ សុធារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានកម្ពុជា បានថ្លែងថា គ្រប់ភាគីទាំងអស់គួរតែដើរចេញពីគម្រោងដាច់ដោយឡែក ហើយចាត់ទុកតំបន់ទន្លេឡានឆាង-មេគង្គជាប្រព័ន្ធអេកូឡូស៊ីដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីធ្វើការគ្រប់គ្រងជារួម ដោយចាប់ពីព្រៃឈើតាមប្រភពទឹក រហូតដល់ដៃទន្លេ តំបន់ដីសើម តំបន់ទំនាបលិចទឹក ព្រៃឈើលិចទឹក រួចដល់តំបន់ដីសណ្តទន្លេ។
លោក Khamhou Tounalom នាយកមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថាន និងផ្សែងអ័ព្ទនៃវិទ្យាស្ថានជីវបច្ចេកវិទ្យា និងអេកូឡូស៊ី ក្រសួងកសិកម្ម និងបរិស្ថានឡាវ បានថ្លែងថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រផ្នែកហិរញ្ញវត្ថុ នឹងអាចមានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ការរួមគ្នាបង្កើនសមត្ថភាពតាមទន្លេឡានឆាង-មេគង្គក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

អ្នកសម្តែងដែលស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសទាំង ៦ ក្នុងពិធីបើកកិច្ចសន្ទនា
លោកស្រី Dang Thi Khanh Hoa ប្រធានការិយាល័យព័ត៌មាននៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានថ្លែងថា ទំនាក់ទំនងខាងភូមិសាស្ត្រ សេដ្ឋកិច្ច និងស្ថាប័ន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែដើម្បីសម្រេចបាននូវទំនាក់ទំនងយូរអង្វែង និងជិតស្និទ្ធ យើងក៏ត្រូវបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្លៃវប្បធម៌របស់គ្នាទៅវិញទៅមកផងដែរ។
លោក Aung Aung Kyaw ប្រធាននាយកដ្ឋានបុរាណវិទ្យា និងសារមន្ទីរជាតិ ក្រសួងវប្បធម៌ និងទេសចរណ៍មីយ៉ាន់ម៉ា បានថ្លែងថា ប្រទេសមីយ៉ាន់ម៉ាមានបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏សម្បូរបែប ហើយសង្ឃឹមថានឹងអាចបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិន និងប្រទេសទន្លេឡានឆាង-មេគង្គផ្សេងៗទៀត ដើម្បីរួមគ្នាការពារ និងបន្តបេតិកភណ្ឌវប្បធម៌។
លោក ស៊ឺន យ៉ាង អតីតអគ្គវិស្វកររងនៃបណ្ឌិត្យសភាបេតិកភណ្ឌវប្បធម៌ចិន បានបញ្ជាក់ថា ប្រទេសទាំង ៦ អាចធ្វើការស្រាវជ្រាវរួមគ្នាលើមុខវិជ្ជាជាច្រើន រួមទាំងប្រវត្តិសាស្ត្រនិងវប្បធម៌ បេតិកភណ្ឌវប្បធម៌រូបីនិងអរូបី និងទេសភាពធម្មជាតិជាដើម។ ដោយផ្អែកលើមូលដ្ឋាននេះ យើងអាចសាកល្បងសហការស្នើសុំបេតិកភណ្ឌពិភពលោក ដើម្បីពង្រីកវិសាលភាព និងភាពស៊ីជម្រៅនៃការផ្លាស់ប្តូរវប្បធម៌ និងជួយឱ្យមានការចូលរួមពីសាធារណជនកាន់តែច្រើនក្នុងការការពារ និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌។
ចាប់ពី "ការរួមគ្នាផឹកទឹកពីទន្លេតែមួយ" រហូតដល់ "ការរួមគ្នាឆ្ពោះទៅមុខពហុវិស័យ" ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គមិនត្រឹមតែបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ៦ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប្រជាជនតាមដងទន្លេយោគយល់គ្នាកាន់តែស៊ីជម្រៅ និងមានចំណងមិត្តភាពកាន់តែរឹងមាំ។

ពិធីចុះហត្ថលេខា
ក្នុងអំឡុងកិច្ចសន្ទនានេះ ប្រទេសទាំង ៦ ក៏បានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងវិស័យដូចជា កីឡា ទីក្រុងមិត្តភាព និងប្រព័ន្ធផ្សព្វផ្សាយ ដែលពង្រីកបន្ថែមទៀតនូវវិសាលភាព និងភាពស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដោយផ្អែកលើប្រធានបទ "ជួបជុំគ្នា និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក" ព្រឹត្តិការណ៍ពាក់ព័ន្ធទាំងនោះបានផ្តល់វេទិកាដ៏សម្បូរបែបសម្រាប់ប្រជាជននៃប្រទេសទាំង ៦ ក្នុងការបង្កើនការយល់ដឹងគ្នា និងការពង្រឹងចំណងមិត្តភាព តាមរយៈទម្រង់ផ្សេងៗដូចជា រាត្រីសមោសរវប្បធម៌ឡានឆាង-មេគង្គ កិច្ចសន្ទនាយុវជន ការតាំងពិព័រណ៍រូបថតពិសេស និងកម្មវិធីយកបទសម្ភាសន៍សម្រាប់អ្នកសារព័ត៌មាន និងជនល្បីតាមអ៊ីនធើណែតជាដើម។