
នៅថ្ងៃទី ២៦ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជានៅក្រុងប៉េកាំង ។
លោក Xi Jinping បានសម្តែងការជូនពរចំពោះខួបទី៧៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ។ លោក Xi Jinping បានថ្លែងថា ភាគីចិនចាត់ទុកកម្ពុជាជាទិសដៅសំខាន់នៃកិច្ចការទូតជាមួយប្រទេសជិតខាងជាប់រហូតមក ហើយរីករាយធ្វើការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាគាំពារសន្តិភាព ស្វែងរកការអភិវឌ្ឍរួមនិងវិបុលភាពរួម ព្រមទាំងជំរុញការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាយ៉ាងប្រាកដប្រជា ដើម្បីបង្កើតជាគំរូក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ។
លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិបានកើតមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញនិងស៊ីជម្រៅ ប្រទេសទាំងពីរចិននិងកម្ពុជាគួរពួតដៃគ្នាបង្ហាញពីទំនួលខុសត្រូវក្នុងស្ថានការណ៍ប្រែប្រួលនិងប្រកាន់ខ្ជាប់យុត្តិធម៌ក្នុងភាពចលាចល ដើម្បីបំពេញបន្ថែមស្ថិរភាពកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ។ លោកលើកសំណើថា ទីមួយ គួរពង្រឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តខាងយុទ្ធសាស្ត្រ ។ ទីពីរ គួរដើរតាមផ្លូវស្តារនិងអភិវឌ្ឍន៍ដោយនឹងនរ ។ ទីបី គួរគាំពារសន្តិសុខនិងស្ថិរភាពយូរអង្វែងនៃប្រទេសរៀងៗខ្លួន ។ ទីបួន គួរបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការខាងយុទ្ធសាស្ត្រ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជាប្រកាន់ខ្ជាប់ចំណងមិត្តភាពជាមួយប្រទេសចិននិងប្រកាន់ខ្ជាប់គោលការណ៍ចិនមួយយ៉ាងមុតមាំ ។ ការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាកិច្ចការជាអាទិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន ភាគីកម្ពុជារីករាយធ្វើការជាមួយភាគីចិនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងការអនុវត្តច្បាប់ផ្នែកប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ កម្ពុជាគាំទ្រយ៉ាងមុតមាំនិងមានឆន្ទៈធ្វើការជាមួយភាគីចិនដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលទាំងបួនដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីរួមចំណែកជាវិជ្ជមានសម្រាប់សន្តិភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក ៕