
រសៀលថ្ងៃទី៥ខែមិថុនា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។
ថ្លែងក្នុងកិច្ចជំនួប លោកXi Jinpingបានលើកឡើងថា ភាគីចិនមានឆន្ទៈបន្តវេននិងផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណីជាមួយប្រទេសឡាវ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក្នុងន័យជំរុញឱ្យទំនាក់ទំនងរវាងចិននិងឡាវសម្រេចបាននូវការលោតផ្លោះថ្មី ក៏ដូចជាពួតដៃគ្នាបង្កើតសហគមន៍ជោគវាសនារួមចិន-ឡាវគ្រប់រដូវកាលក្នុងយុគសម័យថ្មី ។
លោក Xi Jinping បានលើកឡើងមតិយោបល់បួនចំណុចអំពីការជំរុញទំនាក់ទំនងចិននិងឡាវ និងជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមចិន-ឡាវឱ្យឆ្ពោះទៅរកស្តង់ដារខ្ពស់ គុណភាពខ្ពស់និងកម្រិតខ្ពស់ជាបន្តបន្ទាប់មានជាអាទិ៍៖
ទីមួយ គួរប្រកាន់ខ្ជាប់ទិសដៅសង្គមនិយម ។ ទីពីរ គួរពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ ទីបី គួរពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រជាជននិងប្រជាជន ។ ទីបួន គួរបង្កើនកិច្ចសម្របសម្រួលអំពីគោលនយោបាយអន្តរជាតិ ។
ជាការឆ្លើយតប លោក Thongloun Sisoulith បានថ្លែងថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងឡាវនិងចិនបាននិងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ជានិច្ចកាល ប្រទេសឡាវតែងតែប្រកាន់ខ្ជាប់គោលការណ៍ចិនមួយ ។ ប្រទេសឡាវឯកភាពនិងផ្តល់ការគាំទ្រដល់ការលើកកម្ពស់ទម្រង់នៃទំនាក់ទំនងទ្វេភាគី មានឆន្ទៈរួមសហការជាមួយចិន ក្នុងន័យពង្រឹងការកសាងទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នាកម្រិតខ្ពស់ រួមគ្នាបង្ក្រាបបទឧក្រិដ្ឋដូចជាល្បែងស៊ីសងតាមអនឡាញនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានរ៉ែ ថាមពលស្អាតនិងសេដ្ឋកិច្ចឌីជីថលជាដើម ដើម្បីជំរុញឱ្យកិច្ចកសាងសហគមន៍ជោគវាសនារួមចិន-ឡាវគ្រប់រដូវកាលក្នុងយុគសម័យថ្មីឡើងដល់កម្រិតកាន់តែខ្ពស់ ៕