
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ កម្មវិធី "ទស្សនៈយុវជនសកលចំពោះក្រុងក្វាងចូវ" និង "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៦ ក្វាងចូវ បានប្រារព្ធឡើងជាផ្លូវការ ក្រោមប្រធានបទ "ដំណើរទស្សនកិច្ចយកបទពិសោធន៍អំពីវិទ្យាសាស្ត្រ និងវប្បធម៌សម្រាប់និស្សិតអន្តរជាតិមកពីប្រទេសទន្លេឡានឆាង-មេគង្គ។ និស្សិតអន្តរជាតិជាង ១០ នាក់ដែលមកពីប្រទេសទន្លេមេគង្គ រួមមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាដើម បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលបទពិសោធន៍ឆ្លាតវៃ ហៃសៀនសា ក្នុងទីក្រុងក្វាងចូវ ដើម្បីពង្រឹងចំណងមិត្តភាពយុវជនឡានឆាង-មេគង្គ តាមរយៈការយកបទពិសោធន៍អំពីបច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌។
កម្មវិធីនេះគឺជាវិធានការជាក់ស្តែងមួយដែលរៀបចំដោយក្រុងក្វាងចូវ ដើម្បីអនុវត្តតាមតម្រូវការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបានធ្វើឱ្យយុវជនមកពីប្រទេសទន្លេឡានឆាង-មេគង្គ ទទួលបាននូវបទពិសោធន៍ដោយផ្ទាល់ពីភាពរស់រវើកនៃនវានុវត្តកម្ម និងភាពទាក់ទាញនៃទីក្រុងក្វាងចូវ តាមរយៈការយកបទពិសោធន៍អំពីវិទ្យាសាស្ត្រ និងវប្បធម៌យ៉ាងស៊ីជម្រៅ ព្រមទាំងជំរុញពួកគេឱ្យមានការយល់ដឹងគ្នា និងពង្រឹងមិត្តភាពកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងឱកាសកម្មវិធីនេះ និស្សិតដែលមកពីប្រទេសទន្លេមេគង្គ បានទៅទស្សនាឧបករណ៍ដឹកជញ្ជូនរយៈកម្ពស់ទាបមួយចំនួនដូចជា យន្តហោះគ្មានមនុស្សបើក និងយន្តហោះឆ្លាតវៃជាដើម ហើយបានចូលរួមក្នុងសកម្មភាពអន្តរកម្មដែលមានភាពទាក់ទាញជាមួយឆ្កែយន្តជើងបួន និងមនុស្សយន្តឆ្លាតវៃផ្សេងៗទៀត ព្រមទាំងស្វែងយល់យ៉ាងស៊ីជម្រៅអំពីបច្ចេកវិទ្យានាវារុករកសមុទ្រជ្រៅឆ្លាតវៃ ដោយទទួលបាននូវបទពិសោធន៍ស៊ីជម្រៅដោយផ្ទាល់អំពីល្បឿន និងកម្លាំងនៃការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន។
បន្ទាប់ពីដំណើរទស្សនកិច្ចនេះ និស្សិតអន្តរជាតិជាច្រើនបានបញ្ជាក់ថា កាលពីមុន ពួកគេតែងគិតថា មនុស្សយន្ត និងបច្ចេកវិទ្យាជឿនលឿនផ្សេងៗទៀតត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងវិស័យហ្គេម និងការលេងកម្សាន្ត ប៉ុន្តែបន្ទាប់ពីបានទស្សនាទីតាំងជាក់ស្តែងនៅថ្ងៃនេះ ពួកគេបានឃើញថា បច្ចេកវិទ្យាទាំងនេះត្រូវបានរួមបញ្ចូលយ៉ាងទូលំទូលាយទៅក្នុងជីវិតប្រចាំថ្ងៃ ដូចជាការសម្អាតជញ្ជាំងកម្ពស់ខ្ពស់ៗ និងការពន្លត់អគ្គីភ័យជាដើម ដែលធ្វើឱ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។
