ព្រឹត្តិការណ៍មិត្តភាព "សប្តាហ៍ឡានឆាង-មេគង្គ" និងពិធីជប់លៀងនិទាឃៈរដូវនៃកិច្ចសហប្រតិបត្តិការថាមពល និងសន្តិសុខតំបន់ឡានឆាង-មេគង្គឆ្នាំ ២០២៦

lmcchina.org, April 01, 2026
Size:

កាលពីថ្ងៃទី ២៩ ខែមីនា មជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ឡានឆាង-មេគង្គបានរៀបចំព្រឹត្តិការណ៍មិត្តភាព "សប្តាហ៍ឡានឆាង-មេគង្គ" និងពិធីជប់លៀងនិទាឃៈរដូវនៃកិច្ចសហប្រតិបត្តិការថាមពល និងសន្តិសុខតំបន់ឡានឆាង-មេគង្គឆ្នាំ ២០២៦ នៅទីក្រុងគុនមីង ខេត្តយូណាន ក្នុងឱកាស "សប្តាហ៍ឡានឆាង-មេគង្គ" ឆ្នាំ ២០២៦ ដើម្បីអបអរសាទរខួបលើកទី ១០ ឆ្នាំនៃកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូង។ លោក ជាំង សួយ អគ្គលេខាធិការរងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ឡានឆាង-មេគង្គ លោកស្រី ផាវៃវ៉ាន់ អគ្គកុងស៊ុលប្រទេសថៃប្រចាំទីក្រុងគុនមីង លោក ប៉ាងថាង ប៉ាសាផាទី អគ្គកុងស៊ុលប្រទេសឡាវប្រចាំទីក្រុងគុនមីង លោក តុង ថានលីន អគ្គកុងស៊ុលប្រទេសមីយ៉ាន់ម៉ាប្រចាំទីក្រុងគុនមីង លោក យេន វៀតឈុន អគ្គកុងស៊ុលប្រទេសវៀតណាមប្រចាំទីក្រុងគុនមីង លោក ហេង ពិសាល អគ្គកុងស៊ុលប្រទេសកម្ពុជាប្រចាំទីក្រុងគុនមីង និងលោក រីតវ៉ាន់ រ៉ាហាម៉ាន់ កុងស៊ុលពាណិជ្ជកម្មបង់ក្លាដែសប្រចាំទីក្រុងគុនមីង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពដូចជា ការទាញព្រ័ត្រ បាល់បោះ  ការវាយសី បាល់ទាត់ និងពីងប៉ុងជាដើម ព្រមទាំងកម្មវិធីបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបី ត្រូវបានរៀបចំក្នុងឱកាសព្រឹត្តិការណ៍នេះ។ អ្នកចូលរួមមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានបង្កើនការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈការចូលរួមការប្រកួតមិត្តភាព និងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ។

ភាគីពាក់ព័ន្ធបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ពិសេសគឺការចូលរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថាមពលអគ្គិសនី និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខ ដោយបានពង្រឹងចំណងមិត្តភាព និងផ្លាស់ប្តូរទស្សនៈក្នុងបរិយាកាសសប្បាយរីករាយ ហើយបានឈានដល់ការឯកភាពគ្នាលើការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខក្នុងតំបន់ ព្រមទាំងរួមគ្នាកសាងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២,០។