ឯកឧត្តម វ៉ាង យី អញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចសម្រាប់អបអរសាទរខួបលើកទី ១០ នៃកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១

lmcchina.org, March 29, 2026
Size:

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចសម្រាប់អបអរសាទរខួបលើកទី ១០ នៃកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ មន្ត្រីការទូតប្រចាំប្រទេសចិនដែលមកពីប្រទេសទន្លេមេគង្គទាំង ៥ តំណាងមកពីប្រទេសអាស៊ានផ្សេងៗទៀត និងអង្គការអន្តរជាតិពាក់ព័ន្ធ ព្រមទាំងអ្នកទទួលខុសត្រូវនៃក្រសួងពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន និងធនាគារខួរក្បាលនៃប្រទេសចិន បានចូលរួមក្នុងពិធីនេះ។

ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសឡានឆាង-មេគង្គទាំង ៦ រួមគ្នាផឹកទឹកពីទន្លេតែមួយ និងរួមជោគវាសនាជាមួយគ្នា។ កាលពី ១០ ឆ្នាំមុន កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានចាប់ដំណើរការជាផ្លូវការ ដោយសាបព្រួសគ្រាប់ពូជនៃការរួមសាមគ្គីគ្នា ការពឹងផ្អែកលើខ្លួន និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង និងអ្នកដឹកនាំនៃប្រទេសទន្លេមេគង្គ ប្រទេសទាំង ៦ បានប្រកាន់ខ្ជាប់នូវវប្បធម៌ឡានឆាង-មេគង្គ ដែល "មានភាពស្មើគ្នា ជួយគ្នាទៅវិញទៅមកដោយស្មោះត្រង់ និងរាប់គ្នាដូចគ្រួសារតែមួយ" ហើយអនុវត្តតាមស្មារតីឡានឆាង-មេគង្គ ដែល "ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ពិគ្រោះពិភាក្សាដោយសមភាព ស្វែងរកភាពជាក់ស្តែងនិងប្រសិទ្ធភាពខ្ពស់ បើកទូលាយនិងមានបរិយាបន្ន" ព្រមទាំងបង្កើតល្បឿនឡានឆាង-មេគង្គ ដែល "ទទួលវឌ្ឍនភាពរៀងរាល់ថ្ងៃ សម្រេចបានសមិទ្ធផលរៀងរាល់ខែ និងឈានជើងទៅមុខរៀងរាល់ឆ្នាំ"។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានរីកលូតលាស់ពីគ្រាប់ពូជមួយទៅជាដើមឈើខ្ពស់ៗ ដែលបានបង្កើតជាគំរូនៃការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសឡានឆាង-មេគង្គបានរួមជោគវាសនាជាមួយគ្នាឱ្យកាន់តែស្អិតរមួត ដោយសម្រេចបាននូវការគ្របដណ្តប់ពេញលេញនៃការកសាងសហគមន៍វាសនារួមទ្វេភាគី។ ការអភិវឌ្ឍទទួលបាននូវកម្លាំងជំរុញកាន់តែខ្លាំង ហើយទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ មានចំនួនលើសពី ៥០០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥០% បើប្រៀបធៀបទៅនឹងរយៈពេល ១០ ឆ្នាំមុន។ ការការពារសន្តិសុខកាន់តែមានភាពរឹងមាំ ហើយភាគីនានារួមសហការគ្នាក្នុងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ការការពារសុខភាពសាធារណៈ និងវិស័យផ្សេងៗទៀត ដែលបានរួមចំណែកក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនកាន់តែមានភាពស៊ីជម្រៅ ហើយ "ទិដ្ឋាការឡានឆាង-មេគង្គ" ត្រូវបានអនុវត្តជាផ្លូវការ "គម្រោងតូចៗតែមានសម្រស់ស្អាត" ដូចជា "ការប្រមូលផលឡានឆាង-មេគង្គ" និង "សកម្មភាពទឹកស្អាត" ជាដើម សម្រេចបាននូវសមិទ្ធផលជារួម ចំណែកស្ពាននៃការរៀនសូត្រពីគ្នាទៅវិញទៅមកអំពីអរិយធម៌ និងការតភ្ជាប់បេះដូងរវាងប្រជាជន និងប្រជាជនត្រូវបានពង្រឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តម Chatchai Viriyavejakul ឯកអគ្គរដ្ឋទូតប្រទេសថៃប្រចាំប្រទេសចិន និងជាសហប្រធាននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានថ្លែងសុន្ទរកថា ដោយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយបានសរសើរការចូលរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបានអំពាវនាវឱ្យប្រទេសនានាពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសឡានឆាង-មេគង្គដែលកាន់តែមានសន្តិសុខ ភាពស្អាត និងនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី វ៉ាង យី មន្ត្រីការទូតមកពីប្រទេសទន្លេមេគង្គទាំង ៥ និងភ្ញៀវកិត្តិយសរូបផ្សេងទៀត បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ របាយការណ៍ចំនួន ២ ត្រូវបានចេញផ្សាយនៅក្នុងកិច្ចប្រជុំនេះ រួមមាន "ការកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសឡានឆាង-មេគង្គ៖ ចក្ខុវិស័យរួម និងមាគ៌ាអនុវត្តជាក់ស្តែង" និង "ផែនការមេស្តីពីការតភ្ជាប់ ការអភិវឌ្ឍរួម និងការធ្វើសមាហរណកម្មស៊ីជម្រៅនៅក្នុងតំបន់ឡានឆាង-មេគង្គក្នុងរយៈពេល ១០ ឆ្នាំខាងមុខ"។