ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបង្ហាញពីភាពរស់រវើកយ៉ាងខ្លាំងក្លា

lmcchina.org, March 23, 2026
Size:

កាលពីថ្ងៃទី ២០ ខែមីនា ពិធីបដិសណ្ឋារកិច្ច "រាត្រីឡានឆាង-មេគង្គ" បានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា រយៈពេល ១០ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ មក គឺជា "ទសវត្សរ៍មាស" នៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការទទួលលទ្ធផលជាផ្លែផ្កាសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានសម្រេចនូវល្បឿនយ៉ាងលឿន និងសមិទ្ធផលដ៏ធំធេងដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ដោយបង្ហាញយ៉ាងពេញលេញនូវភាពរស់រវើកយ៉ាងខ្លាំងក្លា កម្លាំងប្រមូលផ្តុំដ៏រឹងមាំ និងសកម្មភាពដ៏លេចធ្លោ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ត្រីជាច្រើនរូបនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងមកពីមជ្ឈដ្ឋានផ្សេងៗ បានអញ្ជើញចូលរួមក្នុងពិធីនេះ។

ឯកឧត្តម វ៉ាង វិនពីន បានថ្លែងថា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រទេសចិន និងកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនធំដែលទទួលបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កា ដែលគ្របដណ្តប់លើវិស័យជាច្រើន ទទួលលទ្ធផលជាក់ស្តែង មានអ្នកចូលរួមច្រើន និងផ្តល់ផលប្រយោជន៍យ៉ាងទូលំទូលាយ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្តគម្រោងចំនួន ១០៦ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនរាប់សែននាក់នៅក្នុងខេត្តចំនួនជាង ១០ នៃប្រទេសកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានលើកកម្ពស់ការសន្ទនា និងការអភិវឌ្ឍរវារដ្ឋជាសមាជិកផ្សេងៗ ដោយសម្រេចបាននូវលទ្ធផលជាក់ស្តែងនៅក្នុងវិស័យគន្លឹះជាច្រើន។ យន្តការសហប្រតិបត្តិការនេះបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមរបស់ភាគីនានា។ ប្រទេសកម្ពុជានឹងបន្តពួតដៃគ្នាជាមួយប្រទេសចិន និងរដ្ឋជាសមាជិកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឱ្យឈានដល់កម្រិតកាន់តែខ្ពស់ និងផ្តល់អត្ថប្រយោជន៍យូរអង្វែង និងវិបុលភាពជានិរន្តរ៍ដល់ប្រជាជននៃបណ្តាប្រទេសនានា។