លោកជំទាវ ម៉ា ចា ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសមីយ៉ាន់ម៉ា អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, March 11, 2026
Size:

នៅថ្ងៃទី ៥ ខែមីនា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានរៀបចំពិធីអបអរសាទរខួបលើកទី ១០ ឆ្នាំនៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ឯកឧត្តម U Than Swe សមាជិកក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពជាតិ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងលោកជំទាវ ម៉ា ចា ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។ រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីមីយ៉ាន់ម៉ាជាង ២០រូប ព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងតំណាងមកពីប្រទេសឡាវ វៀតណាម កម្ពុជា និងថៃ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកជំទាវ ម៉ា ចា បានមានប្រសាសន៍ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានទទួលសមិទ្ធផលជាក់ស្តែងក្នុងការកសាងសហគមន៍វាសនារួម ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពរួមក្នុងតំបន់។ ដោយប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ច្របូកច្របល់ ប្រទេសទាំង ៦ គួរតែផ្តល់អាទិភាពដល់សុខសន្តិភាពក្នុងតំបន់ និងសុខុមាលភាពរបស់ប្រជាជន ហើយរួមគ្នាបង្កើត "កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២,០" និងកសាងអនាគតកាន់តែភ្លឺស្វាង។

 

ឯកឧត្តម U Than Swe បានថ្លែងថា ក្រោមការដឹកនាំរបស់អ្នកដឹកនាំនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គសម្រេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងវិស័យផ្សេងៗ ហើយបានក្លាយទៅជាយន្តការទន្លេមេគង្គដែលទទួលបានភាពជោគជ័យដ៏ធំធេងបំផុត។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់ប្រទេសចិន ហើយរំពឹងថាកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ នឹងអាចទទួលបាននូវសមិទ្ធផលកាន់តែត្រចះត្រចង់បន្ថែមទៀតនាពេលអនាគត។

គួរបញ្ជាក់ថា ការតាំងពិព័រណ៍រូបថតអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានរៀបចំនៅក្នុងព្រឹត្តិការណ៍នេះ។