តំណាងចិនជំរុញនិងដាស់តឿនឱ្យគ្រប់ប្រទេសគាំពារយ៉ាងមុតមាំចំពោះកិត្យានុភាពនៃការគ្រប់គ្រងដោយផ្អែកលើច្បាប់របស់អន្តរជាតិ

CRI, January 29, 2026
Size:

      ថ្ងៃទី ២៦ ខែមករា ក្នុងខណៈពេលចូលរួមកិច្ចប្រជុំជជែកដេញដោលបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការគ្រប់គ្រងដោយផ្អែកលើច្បាប់របស់អន្តរជាតិ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថា ដោយដាស់តឿនឱ្យគ្រប់ប្រទេសគាំពារយ៉ាងមុតមាំនូវកម្មវត្ថុនិងគោលការណ៍របស់ « ធម្មនុញ្ញអង្គការសហប្រជាជាតិ» និងគាំពារយ៉ាងមុតមាំនូវកិត្យានុភាពនៃការគ្រប់គ្រងដោយផ្អែកលើច្បាប់របស់អន្តរជាតិ 

        លោក Fu Cong បានថ្លែងថា «ធម្មនុញ្ញអង្គការសហប្រជាជាតិ»ជាគោលការណ៍ណែនាំជាមូលដ្ឋានសម្រាប់ដោះស្រាយទំនាក់ទំនងអន្តរជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំនឹងសណ្តាប់ធ្នាប់អន្តរជាតិផងដែរ ។ ច្បាប់អន្តរជាតិអាចប្រើប្រាស់បាននៅប្រទេសទាំងអស់ដោយស្មើភាព គ្មានករណីលើកលែងហើយក៏មិនត្រូវមានករណីលើកលែងនោះឡើយ ។ ពិភពលោកមិនអាចដើរថយក្រោយទៅរកច្បាប់ព្រៃដែលខ្លាំងស៊ីខ្សោយនោះទេ ។

        លោក Fu Cong បានលើកឡើងថា ស្ថានការណ៍អន្តរជាតិកាន់តែស្មុគស្មាញ គឺកាន់តែត្រូវគាំពារកិត្យានុភាពនិងឋានៈរបស់អង្គការសហប្រជាជាតិ ។ បណ្តាភាគីនានាមិនគួរទាញយកតែផលប្រយោជន៍ផ្ទាល់ខ្លួនពីអង្គការសហប្រជាជាតិ ហើយបោះបង់ចោលអង្គការសហប្រជាជាតិនៅពេលមិនស្របតាមគំនិតរបស់ខ្លួន កាន់តែមិនត្រូវផ្លោះរំលងអង្គការសហប្រជាជាតិ ដើម្បីបង្កើតអង្គការថ្មីទៀត ។

        លោក Fu Cong បានលើកឡើងទៀតថា ប្រទេសចិនជាអ្នកគាំពារយ៉ាងមុតមាំចំពោះការគ្រប់គ្រងដោយផ្អែកលើច្បាប់របស់អន្តរជាតិ ។ ប្រទេសចិននឹងរួមសហការជាមួយបណ្តាប្រទេសនានា ជំរុញយ៉ាងសកម្មនូវកិច្ចកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ក្នុងន័យរួមចំណែកថ្មីដល់ការពង្រឹងការគ្រប់គ្រងដោយផ្អែកលើច្បាស់របស់អន្តរជាតិ ក៏ដូចជាជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោកផងដែរ ៕