ថ្ងៃទី១៧ ខែមករា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញផ្សាយព័ត៌មានថា នាពេលថ្មីៗនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីជំរុញឱ្យកម្ពុជាបង្កើនការការពារប្រជាជនចិន។
ឯកឧត្តម Wang Wenbin បានថ្លែងថា នាពេលថ្មីៗនេះ មានករណីជនជាតិជាច្រើនបានបាត់ទំនាក់ទំនង ឬបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោករណីនេះ។ ករណីធ្ងន់ធ្ងរភាគច្រើនដែលពាក់ព័ន្ធនឹងប្រជាជនចិននៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការកើតឡើងករណីបែបនេះជាញឹកញាប់ មិនស្របនឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសចិន និងប្រទេសកម្ពុជាទេ ហើយក៏ជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ការពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ។ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះការការពារសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនចិននៅកម្ពុជា ហើយជំរុញឱ្យប្រទេសកម្ពុជាចាត់វិធានការជាក់ស្តែងដើម្បីបង្ក្រាបយ៉ាងម៉ឺងម៉ាត់លើឧក្រិដ្ឋកម្មដូចជាការឃុំខ្លួនខុសច្បាប់ និងការវាយប្រហារដោយហិង្សាប្រឆាំងនឹងប្រជាជនចិន ក៏ដូចជាសកម្មភាពឆបោកតាមអ៊ីនធឺណិត បង្កើនប្រសិទ្ធភាពនៃការជួយសង្គ្រោះ និងធានាសុវត្ថិភាពរបស់ប្រជាជនចិននៅក្នុងប្រទេសកម្ពុជា។
ភាគីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្ម សំដៅលើប្រជាជនចិន និងការពារសុវត្ថិភាពរបស់ប្រជាជនចិននៅកម្ពុជាប្រកបដោយភាពជាក់ស្តែង ៕