ទឹកគឺជាប្រភពនៃជីវិត និងជាមូលដ្ឋានគ្រឹះនៃសុខភាព។ មិនថាជាការបង្ហូរទឹកជ្រោះដ៏ថ្លាពីលើភ្នំខ្ពស់ ឬការខួងអណ្តូងជ្រៅដើម្បីយកទឹកផ្អែម មិនថាជាការបង្កើតស្ថានីយយកទឹកដ៏មានភាពងាយស្រួល ឬការដំឡើងឧបករណ៍បន្សុទ្ធទឹកនៅក្នុងផ្ទះប្រជាជន និងសាលារៀន គម្រោងដែលមើលទៅមានភាពសាមញ្ញទាំងនេះកំពុងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនតាមទីជនបទនៅក្នុងប្រទេសទន្លេមេគង្គកើតមានការផ្លាស់ប្តូរជាបន្តបន្ទាប់។
រួមគ្នាផឹកទឹកទន្លេតែមួយ ផ្សារភ្ជាប់ជោគវាសនាជាមួយគ្នា។ នៅឆ្នាំ ២០១៦ យន្តការស្តីពីកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ត្រូវបានដាក់ឱ្យដំណើរការ ដែលបានកសាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍរួមក្នុងតំបន់។ ចាប់តាំងពីឆ្នាំ ២០២០ មក ដោយមានការគាំទ្រពីមូលនិធិសហប្រតិបត្តិការអាស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន វិទ្យាស្ថានស្រាវជ្រាវធារាសាស្ត្រ និងវារីអគ្គិសនីចិន មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ វិទ្យាស្ថានស្រាវជ្រាវទន្លេយ៉ាងសេនៃគណៈកម្មាធិការធារាសាស្ត្រទន្លេយ៉ាងសេ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានសហការគ្នាក្នុងការអនុវត្ត "ប្រតិបត្តិការទឹកផ្អែម ឡានឆាង-មេគង្គ" ដើម្បីជួយដោះស្រាយបញ្ហាសុវត្ថិភាពទឹកផឹកនៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ គិតត្រឹមចុងឆ្នាំ ២០២៥ គម្រោងគំរូ "តូចៗតែមានសម្រស់ស្អាត" អំពីការផ្គត់ផ្គង់ទឹកចំនួន ១១០ គម្រោង បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ១៣ ពាន់នាក់ ដែលធ្វើឱ្យអ្នកភូមិបញ្ចេញស្នាមញញឹមលើមុខ តាមរយៈចក្ខុវិស័យនៃ "ការរួមគ្នាកសាងសហគមន៍វាសនារួម ឡានឆាង-មេគង្គ"។
-រកដំណោះស្រាយដ៏ត្រឹមត្រូវ បំពេញតម្រូវការបន្ទាន់របស់ប្រជាជន
កាលពីអតីតកាល អ្នកភូមិនៅភូមិហាក់ ខេត្តហ្លួងព្រះបាង ប្រទេសឡាវ តែងតែកើតមានជម្លោះជាមួយភូមិជិតខាងអំពីបញ្ហាប្រភពទឹក។ អ្នកភូមិនៅរដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា តែងតែកើតជំងឺរាករូសដោយសារតែការផឹកទឹកភក់ក្នុងរដូវវស្សា និងទឹកដែលមានសារាយច្រើនក្នុងរដូវប្រាំង។ កុមារនៅភូមិ Sleng ខេត្តកណ្តាល ប្រទេសកម្ពុជា ត្រូវដើរកន្លះម៉ោងជារៀងរាល់ថ្ងៃ ដើម្បីទៅយកទឹកពីអណ្តូងទឹករាក់នៅក្នុងវត្ត... ទាំងនេះគឺជាបញ្ហាទឹកទូទៅដែលតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា កំពុងតែជួបប្រទះ ពោលគឺ ការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ គុណភាពទឹកមិនស្អាត ហើយការទទួលបានទឹកមិនងាយស្រួល។
ប្រឈមមុខនឹងបរិស្ថានធម្មជាតិដ៏ស្មុគស្មាញ និងលក្ខខណ្ឌមូលដ្ឋាន "ការសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្តែងក្នុងតំបន់" គឺជា "កូនសោមាស" របស់ក្រុមអនុវត្តគម្រោង "ប្រតិបត្តិការទឹកផ្អែម ឡានឆាង-មេគង្គ" សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅក្នុងតំបន់ភ្នំនៃខេត្តលួងព្រះបាង និងផុងសាលី ប្រទេសឡាវ ពួកគេបានធ្វើការសិក្សាជាក់ស្តែង ការស្រាវជ្រាវនៅនឹងកន្លែង ការវាយតម្លៃលើបរិមាណទឹក ការពិនិត្យគុណភាពទឹក និងការងារពាក់ព័ន្ធផ្សេងៗទៀត ដោយបានជ្រើសរើសទឹកជ្រោះ (ទឹកស្ទឹង) ឬទឹកអណ្តូងដែលអាចទុកចិត្តបាន និងមានគុណភាពខ្ពស់ជាប្រភពទឹក ហើយបានបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកហូរបែបធម្មជាតិដោយផ្អែកលើដីជម្រាល និងប្រើខ្សាច់ទន្លេជាឧបករណ៍ចម្រោះ ដើម្បីបង្កើតគំរូផ្គត់ផ្គង់ទឹកដែលប្រើប្រាស់ថាមពលតិច និងមានតម្រូវការតិចតួចក្នុងការការថែ។ នេះបានបញ្ចប់ទាំងស្រុងនូវប្រវត្តិនៃការខ្វះខាតទឹកសម្រាប់អ្នករស់នៅក្នុងតំបន់ភ្នំនារដូវប្រាំង និងមានគុណភាពទឹកល្អក់នារដូវវស្សា។ ប្រភពទឹកហូរដ៏ថ្លាឆ្វង់បានបំប៉នដួងចិត្តរបស់ប្រជាជនរាប់រយរាប់ពាន់នាក់ និងបានជំរុញឱ្យផ្កានៃមិត្តភាពរវាងប្រទេសចិន និងឡាវរីកស្គុះស្គាយយ៉ាងស្រស់បំព្រង។ នៅតំបន់វាលទំនាបនៃខេត្តស្ទឹងត្រែង និងខេត្តកណ្តាលនៃប្រទេសកម្ពុជា ពួកគេបានខួងអណ្តូងទឹកជ្រៅ និងដាក់ធុងស្តុកទឹកខ្ពស់ ដែលបានកាត់បន្ថយប្រកបដោយប្រសិទ្ធភាពនូវហានិភ័យនៃការខ្វះខាតទឹកក្នុងរដូវប្រាំង។ ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធរបាំងពហុដំណាក់កាល ដែលរួមបញ្ចូលគ្នានូវការជ្រៀតចូល និងចម្រោះបែបធម្មជាតិ ការច្រោះដោយខ្សាច់កាបូន និងការច្រោះដោយស្រោមតម្រងពិសេស ត្រូវបានប្រើប្រាស់សម្រាប់សម្រេចបាននូវការផ្គត់ផ្គង់ទឹកដែលមានគុណភាពខ្ពស់ដោយមានការចំណាយទាបៗ ដែលទទួលបាននូវការកោតសរសើរពីសំណាក់អ្នកភូមិចំពោះ "ទឹកស្អាតដែលធ្វើឱ្យមានសុខភាពល្អ"។ នៅក្នុងឃុំក្យូកព្យូ រដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា ដើម្បីរក្សាតុល្យភាពរវាងទំនៀមទម្លាប់វប្បធម៌ និងថ្លៃដើមប្រតិបត្តិការ ប្រព័ន្ធចម្រោះយឺតជីវសាស្រ្តដំណាក់កាល ៤ ដែលមានលក្ខណៈច្នៃប្រឌិតថ្មី ត្រូវបានបង្កើតឡើង ដោយប្រើប្រាស់ខ្សាច់ទន្លេ និងសម្បកដូងក្នុងតំបន់ ពោលគឺ "អេប៉ុង - ខ្សាច់ក្វាតវូដរដុប - ខ្សាច់ក្វាតវូដល្អិត - កាបូនដែលមានភាពសកម្ម"។ ប្រព័ន្ធនេះបានសម្រេចនូវអព្ភូតហេតុដែលប្រែក្លាយទឹកល្អក់ទៅជាទឹកថ្លា ដោយមិនបន្ថែមសារធាតុគីមីណាមួយឡើយ។
ការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តយកទឹក បានភ្ជាប់ "គីឡូម៉ែត្រចុងក្រោយ" នៃការទទួលបានទឹក។ ការបង្កើតស្ថានីយយកទឹករួម និងការដំឡើងម៉ាស៊ីនបន្សុទ្ធទឹកបានធ្វើឱ្យប្រជាជនក្នុងតំបន់ទាំងអស់អាចទទួលបាននូវទឹកស្អាតយ៉ាងងាយស្រួល មានតម្លៃសមរម្យ និងមានសមធម៌។ លោក Duk Sras នាយកសាលាបឋមសិក្សាភូមិ Sleng ប្រទេសកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ថា កាលពីមុន សិស្សត្រូវយកទឹកពីផ្ទះមកសាលារៀនជារៀងរាល់ថ្ងៃ។ បន្ទាប់ពីការអនុវត្តគម្រោងនេះ គ្រូបង្រៀន និងសិស្សទាំងអស់អាចទៅយកទឹកដោយផ្ទាល់ពីស្ថានីយយកទឹករួម ពិតជាមានភាពងាយស្រួលណាស់។ គ្រូបង្រៀន និងសិស្សមួយចំនួនថែមទាំងអាចយកទឹកទៅផ្ទះបន្ទាប់ពីចេញពីសាលារៀនទៀតផង។ ទឹកនោះមានភាពថ្លាខ្លាំង ហើយមានរសជាតិផ្អែមទៀតផង។ អ្នកភូមិឈ្មោះ Erik នៅក្នុងភូមិហាក់ ប្រទេសឡាវ លែងត្រូវចំណាយពេលមួយ ឬពីរម៉ោងដើម្បីទៅយកទឹក ឬចាយប្រាក់ដ៏ច្រើនសម្រាប់ទិញទឹកផឹកដែលវេចខ្ចប់រួចទៀតហើយ។ ក្មេងៗថែមទាំងអាចផឹកទឹកស្អាត និងមានអនាម័យបាននៅក្នុងសាលារៀនផង។ ទាំងអស់នេះគឺជាអ្វីដែលពួកគេមិនដែលហ៊ានគិតពីមុនទេ។
-ចាក់ឫសហើយរួមរស់នៅជាមួយគ្នា ពង្រឹងសមត្ថភាពអភិបាលកិច្ច
"បច្ចេកទេសល្អបំផុតគួរតែដូចជាគ្រាប់ពូជស្រូវ ដែលអាចចាក់ឫស និងដុះពន្លកបាននៅលើទឹកដីរបស់ប្រទេសនានា"។ គោលគំនិតនេះតែងតែជ្រាបចូលទៅក្នុង "ប្រតិបត្តិការទឹកផ្អែម ឡានឆាង-មេគង្គ"។ ក្រុមអនុវត្តគម្រោងមិនមែនត្រឹមតែនាំចេញបច្ចេកទេសទៅខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគំរូសមាហរណកម្មស៊ីជម្រៅ "បច្ចេកវិទ្យាចិន + ការគ្រប់គ្រងក្នុងតំបន់" ពោលគឺ រកដំណោះស្រាយបច្ចេកទេសដែលសមស្របនឹងលក្ខខណ្ឌធម្មជាតិក្នុងតំបន់ ហើយអនុវត្តគម្រោងវិស្វកម្មដោយគួបផ្សំជាមួយការយកចិត្តទុកដាក់របស់មនុស្សជាតិ ដើម្បីធានាថាគម្រោងនីមួយៗមានទាំងកម្លាំងបច្ចេកទេស និងភាពកក់ក្តៅខាងមនោសញ្ចេតនា។
គួរបញ្ជាក់ថា ការស្រាវជ្រាវស៊ីជម្រៅ និងការពិគ្រោះយោបល់បែបប្រជាធិបតេយ្យតែងត្រូវបានធ្វើឡើង មុនពេលគម្រោងនីមួយៗត្រូវបានអនុវត្ត។ នៅក្នុងភូមិហាក់ ប្រទេសឡាវ តំណាងអ្នកភូមិជាង ៨០ នាក់ និងអ្នកជំនាញចិនបានអង្គុយជាមួយគ្នាដើម្បីបោះឆ្នោតលើបញ្ហាគន្លឹះដូចជា ផែនការសាងសង់នៃគម្រោងផ្គត់ផ្គង់ទឹក គំរូគ្រប់គ្រង និងការចែករំលែកថ្លៃដើមប្រតិបត្តិការ។ល។ ដោយមានការណែនាំពីបុគ្គលិកអនុវត្តគម្រោង អ្នកស្រុកក្នុងសហគមន៍បានចូលរួមក្នុងការរៀបចំផែនការ ការសាងសង់ និងការគ្រប់គ្រងគម្រោងផ្គត់ផ្គង់ទឹក ដោយហេតុនេះហើយពួកគេមានភាពសកម្មក្នុងការទទួលខុសត្រូវកាន់តែច្រើនចំពោះការគ្រប់គ្រង និងការថែទាំប្រព័ន្ធងផ្គត់ផ្គង់ទឹក។ នៅពេលទៅត្រួតពិនិត្យការងារនៃការអនុវត្តគម្រោងនេះក្នុងខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម លី គួយីង រដ្ឋមន្ត្រីក្រសួងធារាសាស្ត្រចិន បានសរសើរគម្រោងនេះថាជាគម្រោង "ល្អទាំង ៥" គឺ "មានគោលដៅល្អ ការរចនាល្អ កិច្ចសហប្រតិបត្តិការពហុភាគីល្អ លទ្ធផលអនុវត្តល្អ និងការវាយតម្លៃល្អពីសាធារណជន"។
វិធីសាស្ត្រនៃការចូលរួមការគ្រប់គ្រងនេះត្រូវបានលើកកម្ពស់ និងអនុវត្តនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសផ្សេងៗទៀត។ ឧទាហរណ៍ នៅក្នុងភូមិ Sleng ប្រទេសកម្ពុជា ក្រុមអនុវត្តគម្រោងបានបង្កើតយន្តការប្រតិបត្តិការ និងថែទាំដែលរួមបញ្ចូលនូវចំណុចសំខាន់ ៣ គឺ "ការណែនាំដោយគម្រោង ការគ្រប់គ្រងដោយអ្នកភូមិ និងការពឹងផ្អែកលើវត្តអារាម"។ យន្តការនេះផ្តល់ការគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលបុគ្គលិកសម្រាប់ប្រតិបត្តិការដែលមានភាពរលូននៃគម្រោង។ អ្នកភូមិក្នុងតំបន់បានជ្រើសរើសអ្នកគ្រប់គ្រងទឹកពេញម៉ោងដោយឯករាជ្យ ហើយធ្វើការថែទាំប្រចាំថ្ងៃដោយផ្អែកលើវត្តអារាម ដោយបង្កើតជាគំរូគ្រប់គ្រង និងថែទាំរយៈពេលវែងដែលមានការទទួលខុសត្រូវច្បាស់លាស់ និងមានការចំណាយទាប។ ឯកឧត្តម លី គួយីង បានវាយតម្លៃខ្ពស់ចំពោះគំរូប្រតិបត្តិការ និងថែទាំគម្រោងនេះ ដោយមានប្រសាសន៍បញ្ជាក់ថា សារៈសំខាន់នៃការរចនាយន្តការរបស់វាមិនចាញ់ការសាងសង់នៃគម្រោងទេ។ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលជាអ្នកសម្របសម្រួលភាគីកម្ពុជាសម្រាប់ការអនុវត្តគម្រោងនេះ បានមានប្រសាសន៍ថា "ប្រតិបត្តិការទឹកផ្អែម ឡានឆាង-មេគង្គ" មិនត្រឹមតែបានជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ស្ថាប័នក្នុងតំបន់ ដោយផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់សម្រេចបាននូវគោលដៅអំពីការទទួលបានទឹកផឹកដែលមានសុវត្ថិភាពទូទាំងប្រទេសនៅឆ្នាំ ២០៣០។
តម្លៃដ៏ជ្រាលជ្រៅនៃគម្រោងនេះក៏ត្រូវបានឆ្លុះបញ្ចាំងដោយការផ្ទេរចំណេះដឹង និងសមត្ថភាពជំនាញរយៈពេលវែងដែរ។ នៅប្រទេសមីយ៉ាន់ម៉ា ក្រុមអនុវត្តគម្រោងបានរៀបចំការបណ្តុះបណ្តាលបច្ចេកទេសដែលមានគោលដៅច្បាស់ត្រឹមត្រូវ ការបណ្តុះបណ្តាលបុគ្គលិកគ្រប់គ្រងទឹកក្នុងតំបន់ និងការចងក្រងសៀវភៅណែនាំការថែទាំជាភាសាភូមាដែលងាយអានយល់ ដើម្បីជួយប្រជាជនក្នុងតំបន់ឱ្យមានសមត្ថភាពប្រតិបត្តិការ និងថែទាំយ៉ាងពិតប្រាកដ។ លើសពីនេះ ពួកគេបានផ្លាស់ប្តូរចំណុចសំខាន់អំពីជំនាញប្រតិបត្តិការ និងថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកដ៏ស្មុគស្មាញ ឱ្យទៅជាចំណេះដឹងដែលអ្នកស្រុកក្នុងតំបន់អាចស្តាប់យល់ និងរៀនចេះបាន។ ឧទាហរណ៍ ពាក្យថា "លាងអេប៉ុងរៀងរាល់កន្លះខែម្តង ប្តូរខ្សាច់រដុបក្នុងរដូវវស្សា" និងពាក្យងាយចងចាំផ្សេងៗ បានជ្រាបចូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់។
ឥទ្ធិពលនៃ "ប្រតិបត្តិការទឹកផ្អែម ឡានឆាង-មេគង្គ" មិនគ្រាន់តែស្ថិតនៅក្នុងគម្រោងផ្គត់ផ្គង់ទឹកចំនួន ១១០ គម្រោងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បាផ្តល់នូវដំណោះស្រាយខ្សែសង្វាក់ពេញលេញមួយ ដែលរួមបញ្ចូលនូវការសិក្សាពីតម្រូវការច្បាស់ត្រឹមត្រូវ ការធ្វើផែនការនិងការរចនាតាមស្ថានភាពជាក់ស្តែង ប្រតិបត្តិការ និងថែទាំរយៈពេលវែង និងការកសាងសមត្ថភាពក្នុងតំបន់។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គម្រោងនេះបានបណ្តុះបណ្តាលអ្នកគ្រប់គ្រងជំនាញជាង ២០០ នាក់របស់ប្រទេសទាំង ៣ និងបានរៀបចំសកម្មភាពផ្សព្វផ្សាយវិទ្យាសាស្ត្រសហគមន៍ដែលមានអ្នកចូលរួមចំនួនជាង ៤០០ នាក់ ដោយសម្រេចបាននូវការផ្លោះរំលងពី "ការផ្តល់ជំនួយផ្នែករឹង" ទៅជា "ការពង្រឹងសមត្ថភាពតាមរយៈការផ្តល់ចំណេះដឹង" យ៉ាងពិតប្រាកដ។
-ការតភ្ជាប់បេះដូងប្រជាជននិងប្រជាជន បង្ហាញឥទ្ធិពលនៃគម្រោងចិន
ការអនុវត្តគម្រោង "តូចៗតែមានសម្រស់ស្អាត" ចំនួន ១១០ គម្រោង ពិតជាបានយកឈ្នះទំនុកចិត្ត និងទទួលការគាំទ្រពីសំណាក់ប្រជាជន។ តាមការស្ទង់មតិបានឱ្យដឹងថា អ្នកប្រើប្រាស់ទឹកជាង ៩៥% ពេញចិត្តនឹងបរិមាណ និងគុណភាពទឹក ៩៣% នៃអ្នកភូមិយល់ឃើញថា ការចំណាយលើទឹកក្នុងគ្រួសាររបស់ពួកគេបានសម្រេចនូវការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយមានប្រជាជន ៩១% លែងត្រូវស៊ូទ្រាំនឹងការលំបាកក្នុងការយកទឹកពីចម្ងាយឆ្ងាយទៀតហើយ។ រដ្ឋបាលមូលដ្ឋាននៃប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា និងប្រទេសដទៃទៀតបានផ្ញើសារលិខិតទៅកាន់ប្រទេសចិន ដើម្បីថ្លែងអំណរគុណចំពោះប្រតិបត្តិការដ៏កក់ក្តៅនេះ ដែល "ផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និងបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាជន"។ នៅក្នុងពិធីប្រគល់គម្រោងភូមិហាក់ ឯកឧត្តម Souk An Bounyong ដែលកាលនោះជាអនុលេខាបក្សនៃគណៈកម្មាធិការបក្សខេត្តហ្លួងព្រះបាង និងជាប្រធានរណសិរ្សកសាងជាតិ ប្រទេសឡាវ បានមានប្រសាសន៍យ៉ាងរំភើបរំជួលថា ការអនុវត្តគម្រោងទឹកផឹកស្អាតនៅភូមិហាក់ បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនតាមទីជនបទ ព្រមទាំងគ្រូបង្រៀន និងសិស្សានុសិស្សជិតមួយពាន់នាក់។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ហើយសូមជូនពរឱ្យមិត្តភាពរវាងប្រទេសឡាវ និងចិន បន្តរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់!
សមិទ្ធផលដ៏សំខាន់សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននេះ ក៏បានទទួលនូវការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិផងដែរ។ នៅឆ្នាំ ២០២៣ គម្រោងនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីគម្រោងនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវេទិកាកំពួលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវាត់ និងផ្លូវ" លើកទី ៣។ នៅឆ្នាំ ២០២៤ គម្រោងនេះត្រូវបានទទួលស្គាល់ថាជា "គំរូនៃការកាត់បន្ថយភាពក្រីក្រសកលលើកទី ៥" ដែលផ្តល់រង្វាន់រួមគ្នាដោយស្ថាប័នចំនួន ៧ រួមទាំងធនាគារពិភពលោក និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិជាដើម។
ចាប់តាំងពីមុខញញឹមរបស់អ្នកភូមិ រហូតដល់ការថ្លែងអំណរគុណរបស់រដ្ឋាភិបាល ចាប់តាំងពីបញ្ជីគម្រោងដែលប្រកាសក្នុងវេទិកាអន្តរជាតិ រហូតដល់ពានរង្វាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ នេះមិនត្រឹមតែជាការវាយតម្លៃខ្ពស់ចំពោះគម្រោង "ប្រតិបត្តិការទឹកស្អាត ឡានឆាង-មេគង្គ" ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទទួលស្គាល់ចំពោះទស្សនវិស័យនៃ "ការកសាងសហគមន៍វាសនារួម ឡានឆាង-មេគង្គ" ផងដែរ។ សុវត្ថិភាពនៃទឹកផឹកគឺជាដំណាក់កាលដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ របៀបវារៈប្រចាំឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពបានចង្អុលបង្ហាញយ៉ាងច្បាស់ថា នៅឆ្នាំ ២០៣០ "នឹងសម្រេចនូវការទទួលបានទឹកផឹកជាសកល និងសមធម៌ ដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា"។ បច្ចុប្បន្ននេះ ចក្ខុវិស័យនេះកំពុងក្លាយជាការពិតបន្តិចម្តងៗនៅក្នុងតំបន់ជនបទតាមបណ្តោយទន្លេមេគង្គ តាមរយៈ "ប្រតិបត្តិការទឹកផ្អែម ឡានឆាង-មេគង្គ"។
នៅក្រោមព្លឺព្រះអាទិត្យអស្តង្គត មនុស្សម្នាកំពុងដើរទៅស្ថានីយយកទឹកជាបន្តបន្ទាប់។ នៅក្នុងថ្នាក់រៀន សិស្សានុសិស្សមានពន្លឺភ្លឺចែងចាំងក្នុងភ្នែករបស់ពួកគេ នៅពេលប្រើទឹកម៉ាស៊ីនស្អាតៗ។ ទិដ្ឋភាពដ៏សាមញ្ញតែគួរឱ្យចាប់អារម្មណ៍ទាំងនេះ ត្រូវបានរួមបញ្ចូលគ្នាហើយបង្កើតជារូបភាពដ៏កក់ក្តៅបំផុត។ "ប្រតិបត្តិការទឹកផ្អែម ឡានឆាង-មេគង្គ" ដែលតំណាងឱ្យប្រាជ្ញា និងគម្រោងដែលមានប្រភពមកពីប្រទេសចិននេះ កំពុងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរាប់ពាន់គ្រួសារនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ហើយប្រាកដជានឹងរីកចម្រើនលូតលាស់បន្តទៅមុខដែលជួយកសាងអនាគតកាន់តែភ្លឺស្វាង។

គម្រោងគំរូរួម ក្នុងភូមិ Maubin ខេត្ត Ayeyarwady ប្រទេសមីយ៉ាន់ម៉ា

សិស្សានុសិស្សនៅសាលាបឋមសិក្សាភូមិហាក់ ខេត្តលួងព្រះបាង ប្រទេសឡាវ ផឹកទឹកស្អាត និងមានអនាម័យ

គ្រូបង្រៀន និងសិស្សានុសិស្សនៅសាលាបឋមសិក្សាភូមិ Sleng ខេត្តកណ្តាល ប្រទេសកម្ពុជា ផឹកទឹកស្អាត និងមានអនាម័យ