នៅថ្ងៃទី៨ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Thongloun Sisoulith ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវម្តងទៀត។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ការបើកធ្វើសមាជលើកទី១២របស់បក្សបដិវត្តន៍ប្រជាជនឡាវដោយជោគជ័យ គឺមានសារសំខាន់ចំពោះការបូកសរុបពីសមិទ្ធផលកន្លងទៅនិងត្រួសត្រាយអនាគតសម្រាប់ការអភិវឌ្ឍបុព្វហេតុបក្សនិងបុព្វហេតុសង្គមនិយមនៃប្រទេសឡាវ។ ចិននិងឡាវគឺជាប្រទេសជិតខាងមានរបបសង្គមនិយមដ៏មេត្រីភាព ដែលមានភ្នំនិងទន្លេតភ្ជាប់ជាមួយគ្នា ។ ខ្ញុំមានឆន្ទៈធ្វើការជាមួយសមមិត្តអគ្គលេខាធិការបក្ស ដើម្បីបន្តវេនមិត្តភាពប្រពៃណីរវាងចិននិងឡាវ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចបក្សនិងរដ្ឋ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ ជំរុញការកសាងសហគមន៍រួមវាសនាចិន-ឡាវឱ្យឆ្ពោះទៅរកគោលដៅដែលមានស្តង់ដាខ្ពស់ គុណភាពខ្ពស់ និងកម្រិតខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ បម្រើដល់ការអភិវឌ្ឍបុព្វហេតុសង្គមនិយមរៀងៗខ្លួនឱ្យបានកាន់តែល្អប្រសើរ ក៏ដូចជារួមចំណែកថ្មីក្នុងការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕