នៅរសៀលថ្ងៃទី ២៩ ខែធ្នូ នាវាល្បាតចិនលេខ៥៣១០៧, ៥៣១០៨ និង ៥៣១០៩ ដែលចូលរួមក្នុងប្រតិបត្តិការយាមល្បាត និងអនុវត្តច្បាប់រួមតាមដងទន្លេមេគង្គលើកទី ១៦០ រវាង ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានចូលចតនៅកំពង់ផែប៉ូលិសជីងហា នៃមណ្ឌលស្វយ័តស៊ីសួងប៉ានណា ជនជាតិតៃ ខេត្តយូណាន ប្រទេសចិន ដែលជាសញ្ញាបញ្ជាក់ថា ប្រតិបត្តិការលើកនេះបានបញ្ចប់ដោយជោគជ័យ។ ក្នុងអំឡុងពេលប្រតិបត្តិការនេះ ប្រទេសទាំងបួនបានចាត់បញ្ជូនភ្នាក់ងារអនុវត្តច្បាប់ជាង ១៧០ នាក់ និងនាវាអនុវត្តច្បាប់ចំនួន ៦ គ្រឿង យាមល្បាតក្នុងចម្ងាយសរុបជាង ៧៣០ គីឡូម៉ែត្រ។
ក្នុងអំឡុងពេលប្រតិបត្តិការ ក្រុមការងារយាមល្បាត និងអនុវត្តច្បាប់រួម បានធ្វើសកម្មភាពត្រួតពិនិត្យនិងស៊ើបការណ៍រួមគ្នាតាមផ្លូវគោក និងផ្លូវទឹកក្នុងដែនទឹកសំខាន់ៗនៃដងទន្លេមេគង្គ ដោយរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើននៅតាមបណ្តោយទន្លេមេគង្គ រួមទាំងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនជាដើម។ ក្នុងពេលជាមួយគ្នានេះ ស្ថាប័ននីតិប្បញ្ញត្តិពាក់ព័ន្ធនៃប្រទេសទាំងបួន បានរៀបចំធ្វើកិច្ចប្រជុំផ្លាស់ប្តូរព័ត៌មាន ដោយផ្តល់ព័ត៌មានទៅវិញទៅមកស្តីពីស្ថានភាពសន្តិសុខ និងការដោះស្រាយសំណុំរឿងតាមបណ្តោយទន្លេមេគង្គនាពេលថ្មីៗនេះ ព្រមនិងរួមគ្នាវិភាគអំពីស្ថានភាពបទឧក្រិដ្ឋ និងធ្វើការវិនិច្ឆ័យចំពោះការអនុវត្តច្បាប់នៅដំណាក់កាលបន្ទាប់៕