
ថ្ងៃទី២៩ ខែធ្នូ កិច្ចជំនួបរដ្ឋមន្ត្រីការបរទេសចិន កម្ពុជានិងថៃបានបើកធ្វើដោយជោគជ័យនៅក្រុងYuxiខេត្តYunnan។លោកWangYiសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោកប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកSihasak Phuangketkeowរដ្ឋមន្ត្រីការបរទេសថៃនិងអ្នកទទួលខុសត្រូវខាងកងទ័ពនៃប្រទេសទាំង៣បានអញ្ជើញចូលរួម។
លោក WangYi បានលើកឡើងថា យើងបានរៀបចំកិច្ចសន្ទនាទ្វេភាគីជាច្រើនលើកនៅទីនេះ ជាពិសេសស្ថាប័នការទូតនិងស្ថានប័នយោធាកម្ពុជានិងថៃបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ ដែលសុទ្ធតែបានបង្ហាញពីអាកប្បកិរិយាវិជ្ជមាននិងបើកចំហរ ការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងមានឆន្ទៈក្នុងការកែលម្អទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋាននៃបទឈប់បាញ់។ការពិភាក្សារវាងភាគីទាំងបីប្រកបដោយផលប្រយោជន៍និងមានលក្ខណៈស្ថាបនា ដែលសម្រេចបាននូវគំនិតឯកភាពដ៏សំខាន់៖ទីមួយ គឺសម្លឹងមើលទៅមុខនិងឆ្ពោះទៅមុខជាមួយគ្នា។ទីពីរ បន្តដំណើរទៅមុខជាសន្សឹមៗដោយមិនបង្អាក់ដំណើរ។ទីបី ការស្តារទំនុកចិត្តគ្នាទៅវិញទៅមកគឺជារឿងសំខាន់បំផុត។ប្រទេសចិននឹងធ្វើជាអ្នកជំរុញដល់ការអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា-ថៃជានិច្ច ចិនរីករាយផ្តល់ជំនួយនិងការគាំទ្រចាំបាច់ទាំងអស់ ហើយរំពឹងទុកនិងជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ថៃនឹងវិលត្រឡប់ទៅផ្លូវត្រឹមត្រូវវិញក្នុងពេលឆាប់ៗនេះ។

រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន ដែលបានផ្តល់ជាវេទិកាសន្ទនានេះនិងបានវាយតម្លៃខ្ពស់ចំពោះតួនាទីមានលក្ខណៈស្ថាបនារបស់ប្រទេសចិនក្នុងការដោះស្រាយជម្លោះ បន្ធូរបន្ថយភាពតានតឹងនិងជំរុញកិច្ចសន្ទនា។ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងសកម្ម រួមគ្នាគ្រប់គ្រងនិងដោះស្រាយជម្លោះ ដើម្បីសហការគាំពារស្ថិរភាពនិងសន្តិភាពនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ៕