
ព្រឹកថ្ងៃទី ១៣ ខែធ្នូ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើពិធីប្រចាំឆ្នាំ ២០២៥ យ៉ាងឱឡារិកនៅក្រុង Nanjing ដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing ។ លោក Shi Taifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តស្តចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីនេះ ។
ថ្លែងក្នុងសុន្ទរកថា លោក Shi Taifeng បានលើកឡើងថា ថ្ងៃនេះ យើងបានជួបជុំគ្នាយ៉ាងឱឡារិកដើម្បីរំលឹកវិញ្ញាណក្ខន្ធយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិតឥតទោសពៃរ៍ក្នុងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing រំលឹកវិញ្ញាណក្ខន្ធបងប្អូនរួមជាតិស្លាប់បាត់បង់ជីវិតទាំងអស់ក្នុងហេតុការណ៍សម្លាប់រង្គាលដោយកងទ័ពឈ្លានពានរបស់ជប៉ុន រំលឹកវិញ្ញាណក្ខន្ធបុព្វបុរសបដិវត្តន៍និងវីរជនជនជាតិដែលបានពលីជីវិតដើម្បីជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន រំលឹកវិញ្ញាណក្ខន្ធយុទ្ធជននិងមិត្តភក្តិអន្តរជាតិដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងការួមគ្នាប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនជាមួយប្រជាជនចិន ក៏ដូចជាបង្ហាញពីក្តីប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់ប្រជាជនចិនក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពយ៉ាងមុតមាំមិនងាករេ ក្នុងន័យរួមគ្នាចងចាំពីប្រវត្តិសាស្រ្ត រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាពនិងត្រួសត្រាយអនាគត ។
លោក Shi Taifeng បានថ្លែងបន្តថា យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ខិតខំប្រឹងប្រែងផ្សព្វផ្សាយស្មារតីដ៏មហិមានៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ខិតខំព្យាយាមតស៊ូប្រយុទ្ធដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏អស្ចារ្យនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជារួមចំណែកកាន់តែធំសម្រាប់បុព្វហេតុដ៏ឧដុង្គឧត្តមនៃការអភិវឌ្ឍនិងសន្តិភាពរបស់មនុសជាតិផងដែរ ៕