
"វេទិកាអ្នកវិទ្យាសាស្ត្រ ធឹងឈុង ឆ្នាំ ២០២៥៖ សន្និសីទផ្លាស់ប្តូរការស្រាវជ្រាវឱសថបុរាណ ឡានឆាង-មេគង្គ" បានប្រារព្ធនៅទីក្រុងម៉ាងស៊ឺ មណ្ឌលតឺហុង ខេត្តយូណាន។ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ២០០ រូប រួមទាំងមន្ត្រីរដ្ឋាភិបាល អ្នកជំនាញ អ្នកស្រាវជ្រាវ និងតំណាងសហគ្រាសដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានអញ្ជើញចូលរួមក្នុងវេទិកានេះដើម្បីពិភាក្សាអំពីមាគ៌ាថ្មីសម្រាប់ការជំរុញការអភិវឌ្ឍឱសថបុរាណ និងការបង្កើតស្តង់ដារភាវូបនីយកម្ម និងអន្តរជាតិភាវូបនីយកម្មនៃឱសថបុរាណ តាមរយៈបច្ចេកវិទ្យាឌីជីថលនិងឆ្លាតវៃ។
សន្និសីទផ្លាស់ប្តូរនេះគឺជាផ្នែកមួយដ៏សំខាន់នៃវេទិកាអ្នកវិទ្យាសាស្ត្រ ធឹងឈុង ឆ្នាំ ២០២៥ ដែលត្រូវបានរៀបចំដោយសមាគមឱសថបុរាណចិន ជុងហួ មជ្ឈមណ្ឌលផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិចិន សមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តយូណាន និងរដ្ឋបាលប្រជាជនមណ្ឌលស្វយ័តជនជាតិតៃ និងជីងភួ តឺហុង ក្រោមប្រធានបទ "បច្ចេកវិទ្យាឌីជីថល និងឆ្លាតវៃជំរុញការអភិវឌ្ឍប្រកបដោយមានគុណភាពខ្ពស់នៃឱសថបុរាណ" ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យឱសថបុរាណរវាងប្រទេសឡានឆាង-មេគង្គ។
គួរបញ្ជាក់ថា មណ្ឌលតឺហុងនៃខេត្តយូណានដែលមានទីតាំងស្ថិតនៅតាមតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ានោះ គឺជាច្រកទ្វាររបស់ប្រទេសចិនសម្រាប់បើកចំហទៅកាន់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលនៃច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា ហើយតែងតែឈរនៅជួរមុខនៃការផ្លាស់ប្ដូរវប្បធម៌ និងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសនានា។