ថ្ងៃទី ២២ និង ២៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាល ទី ២ និងទី ៣ នៃកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅក្រុងចូហានណេសប៊ឺកប្រទេសអាហ្វ្រិកខាងត្បូង និងថ្លែងសុទ្ទរកថាដោយឡែកពីគ្នាក្រោមប្រធានបទ “កសាងពិភពលោកប្រកបដោយភាពធន់” និង ”អនាគតប្រកបដោយយុត្តិធម៌និងសមធម៌ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូប” ។
លោក Li Qiang បានលើកឡើងថា បច្ចុប្បន្ន បញ្ហាប្រឈមសំខាន់ៗ ដូចជាបម្រែបម្រួលអាកាសធាតុ ថាមពល និងស្បៀងអាហារជាដើមបានកើតឡើងផ្ទួនៗគ្នា ហេតុនេះ សហគមន៍អន្តរជាតិត្រូវតែរួបរួម និងសហការគ្នាដើម្បីជម្នះបញ្ហាលំបាក។ ក្រុមប្រទេស G20 គួរតែជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ទូលំទូលាយ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារបរិស្ថានអេកូឡូស៊ី ថាមពលបៃតង និងសន្តិសុខស្បៀង ដើម្បីលើកកម្ពស់ភាពធន់ក្នុងការអភិវឌ្ឍ ជំរុញការធ្វើបរិវត្តកម្មប្រកបដោយយុត្តធម៌ និងធានាការផ្គត់ផ្គង់ដោយនឹងនរ។
លោក Li Qiang បន្តទៀតថា ប្រឈមមុខនឹងការវិវឌ្ឍយ៉ាងលឿននៃ បដិវត្តន៍វិទ្យាសស្រ្តនិងបច្ចេកវិទ្យា និងកំណែទម្រង់ឧស្សាហកម្មជុំថ្មីពន្លឿនរីកចម្រើន ក្រុមប្រទេស G20 គួរតែជំរុញឱ្យគ្រប់ភាគីប្រកាន់ខ្ជាប់នូវការបើកចំហនិងឈ្នះ-ឈ្នះ និងចែករំលែក កាលានុវត្តភាព។ លោកបានលើកឡើងថា គួរជំរុញការផ្សព្វផ្សាយនិងប្រើប្រាស់ និងការធ្វើអភិបាលកិច្ចដោយមានប្រសិទ្ធភាពនូវបញ្ញាសិប្បនិម្មិត ជំរុញកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នា និងការប្រើប្រាស់ដោយសនិ្តភាពនូវរ៉ែសំខាន់ៗ ក៏ដូចជាបង្កើនការផ្តល់ការគាំទ្រចំពោះការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសសកលខាងត្បូង ខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃបណ្តាប្រទេសនានានៅលើពិភពលោក៕