ប្រទេសចិននិងអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរវាងគ្នានឹងគ្នាក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា

CRI, November 25, 2025
Size:

      ឆ្នាំ២០២៦គឺជាខួបលើកទី៥នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។ ចិននិងអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរវាងគ្នានឹងគ្នាក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា ទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរទទួលបានការអភិវឌ្ឍយ៉ាងផុលផុស។

      ក្នុងបរិបទដែលភាពមិនប្រាកដប្រជានៅខាងក្រៅកាន់តែកើនឡើងនិងសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិប្រឈមមុខនឹងការសាកល្បងយ៉ាងតឹងរ៉ឹង ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានកើនឡើងផ្ទុយពីនិន្នាការ ដោយបង្ហាញពីភាពធន់និងកម្លាំងរស់រវើកយ៉ាងខ្លាំងក្លា។ យោងតាមស្ថិតិនៃគយចិនឱ្យដឹងថា នៅឆ្នាំ២០២៤ ទំហំសរុបនៃពាណិជ្ជកម្មទំនិញចិន-អាស៊ានបានឈានដល់៩៨២,១ពាន់លានដុល្លារអាមេរិក ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត ពោលគឺបានកើនឡើង១៦,៩ដងបើប្រៀបធៀបនឹងខណៈពេលដែលចិននិងអាស៊ានទើបចាប់ផ្តើមកសាងតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ២០០២។ ចាប់តាំងពីឆ្នាំ២០២២មក ការនាំចូលនិងនាំចេញរវាងចិននិងអាស៊ានបានរក្សានិន្នាការប្រកបដោយស្ថិរភាពនិងវិជ្ជមាន ដោយទំហំនាំចូលនិងនាំចេញសរុបមានចំនួនលើសពី ៩០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានបានឈានដល់៨៦២,៧ពាន់លានដុល្លារអាមេរិក ដែលកើនឡើង៨,២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលបង្ហាញពីសក្តានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី៕