បទពិសោធស្តីពីការអភិវឌ្ឍទីផ្សារកាបូនរបស់ចិនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសន្និបាតអាកាសធាតុក្រុង Belém ប្រទេសប្រេស៊ីល

CRI, November 20, 2025
Size:

ថ្ងៃទី ១១ ខែវិច្ឆិកា លោក Li Gao អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានអេកូឡូស៊ីចិន បានធ្វើបទបង្ហាញពីសភាពការណ៍អភិវឌ្ឍន៍នៃទីផ្សារការបូនរបស់ចិន ក្នុងមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ» (COP30) ក្រុង Belém ប្រទេសប្រេស៊ីល ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់តំណាង និងភ្ញៀវកិតិ្តយស ដែលចូលរួមកិច្ចប្រជុំ។

លោកស្រី Valerie Hitchcock ប្រធានផ្នែកបម្រែបម្រួលអាកាសធាតុ នៃធនាគារពិភពលោកបានលើកឡើងថា ទីផ្សារកាបូនរបស់ចិន ជាគំរូមួយដែលមានកំណើនជាបន្តបន្ទាប់ និងពង្រីកជាលំដាប់។ លោកស្រីអំពាវនាវសហគមន៍អន្តរជាតិ ឱ្យផ្លាស់ប្តូរយ៉ាងសកម្ម នូវបទពិសោធក្នុងការអភិវឌ្ឍទីផ្សារកាបូន ដើម្បីធ្វើឱ្យទីផ្សារកាបូនកាន់តែមានប្រសិទ្ធភាព និងគ្របដណ្តប់ប្រទេសកាន់តែច្រើន។

លោកស្រី Diana Akoncha ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងហិរញ្ញវត្ថុអាកាសធាតុ នៃអគ្គនាយកដ្ឋានសម្រាប់សកម្មភាពអាកាសធាតុ នៃគណៈកម្មាធិការសហភាពអឺរ៉ុប បានលើកឡើងថា លោកស្រីមានក្តីសោមនស្សរីករាយណាស់ ដោយបានមើលឃើញថា ប្រទេសចិនបាននិងកំពុងអភិវឌ្ឍ និងពង្រឹងប្រព័ន្ធជួញដូរខាងការបញ្ចេញកាបូន សហភាពអឺរ៉ុបបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិន លើការកំណត់ថ្លៃការបូន ព្រមនិងជួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតឱ្យបង្កើតប្រព័ន្ធកំណត់ថ្លៃកាបូនដ៏ពេញលេញ៕