កាលពីថ្ងៃទី ១១ ខែវិច្ឆិកា សិក្ខាសាលាស្តីពីការកសាងសង់ច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ លើកទី ២ បានប្រារព្ធឡើងនៅទីក្រុងគុនមីង ខេត្តយូណាន។ អ្នកតំណាងមកពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ និងសហគ្រាសនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានជួបជុំគ្នា ដើម្បីពិភាក្សាអំពីមាគ៌ាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបានចេញផ្សាយ "គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃលំហូរទិន្នន័យឆ្លងកាត់ព្រំដែន ឡានឆាង-មេគង្គ" ដែលបានចាក់បញ្ចូលនូវកម្លាំងចលករថ្មីទៅក្នុងការកសាងច្រករបៀងនវានុវត្តន៍ក្នុងតំបន់។
អង្គសិក្ខាសាលាបានលើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ភាគីពាក់ព័ន្ធនានានឹងផ្តោតសំខាន់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗចំនួន ៣ គឺ "បៃតង ឌីជីថល និងធនធានមនុស្ស" ហើយពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម-សិក្សារៀនសូត្រ-ស្រាវជ្រាវ ដោយផ្អែកលើបច្ចេកវិទ្យានៃការប្រើប្រាស់ថាមពលស្អាត ការការពារបរិស្ថាន និងអព្យាក្រឹតភាពកាបូន រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចទុកចិត្តបាន ព្រមទាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នាក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត និងប្លុកឆេនជាដើម ហើយបង្កើតក្របខណ្ឌណែនាំលំហូរទិន្នន័យក្នុងតំបន់ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការធ្វើបរិវត្តកម្ម។ ជាមួយគ្នានោះ ភាគីនានានឹងពង្រីកវិសាលភាពនៃផែនការផ្លាស់ប្តូររវាងអ្នកវិទ្យាសាស្ត្រវ័យក្មេង ឡានឆាង-មេគង្គ និងបង្កើតយន្តការបណ្តុះបណ្តាលជាប្រចាំដោយផ្អែកលើវេទិកាអ្នកវិទ្យាសាស្ត្រធឹងឆុង និងវេទិកាផ្សេងៗទៀត ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពចម្រុះ ហើយស្គាល់ស្ថានភាពជាក់ស្តែងក្នុងតំបន់ និងមានបច្ចេកវិទ្យាទំនើប។