ថ្ងៃទី១៣ ខែវិច្ឆិកា លោកTô Lâm អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានជួបពិភក្សាការងារជាមួយលោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
លោក Li Shulei បានថ្លែងថា ភាគីចិនរីករាយធ្វើការជាមួយភាគីវៀតណាម ដើម្បីអនុវត្តគំនិតឯកភាពគ្នាដ៏សំខាន់របស់អគ្គលេខាធិការបក្សទាំងពីរ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សារព័ត៌មាន និងការបោះពុម្ពផ្សាយ វប្បធម៌ និងទេសចរណ៍ និងយុវជនជាដើម ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិន-វៀតណាមឱ្យកាន់តែស៊ីជម្រៅ។
លោកTô Lâm បានថ្លែងថា ជានិច្ចកាល វៀតណាមតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាជម្រើសជាយុទ្ធសាស្ត្រ និងជាអាទិភាព ហើយរីករាយធ្វើការប្រាស្រ័យទាក់ទងជាន់ខ្ពស់ដ៏ជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ពង្រឹងមូលដ្ឋាននៃឆន្ទៈប្រជាជនអំពីមិត្តភាពវៀតណាម-ចិន និងធ្វើការរួមគ្នាក្នុងដំណើរការធ្វើទំនើបកម្ម។
ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាម លោក Li Shulei ក៏បានជួបពិភាក្សាការងារជាមួយលោកNguyễn Xuân Thắng សមាជិកការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការទ្រឹស្តីបក្សនៃមជ្ឈិម បក្សវៀតណាមនិងបានជួបពិភាក្សាការងារជាមួយលោក Trinh Van Quyet លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ អប់រំ និងចលនាមហាជននៃមជ្ឈិមបក្សវៀតណាម ព្រមទាំងរួមជាមួយលោក Nguyen Xuan Thang រៀបចំសិក្ខាសាលាស្តីពីទ្រឹស្តីបក្សទាំងពីរចិន-វៀតណាមលើកទី២០ ក្រោមប្រធានបទ "មាគ៌ា និងការអនុវត្តសង្គមនិយមក្នុងសតវត្សរ៍ទី២១" ៕