
ថ្ងៃទី ៥ ខែវិច្ឆិកា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៨ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao នៅទីក្រុងសៀងហៃ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោក Li Qiang បានលើកឡើងថា ដូចការលើកឡើងរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលថា សេដ្ឋកិច្ចចិនដូចជាសមុទ្រដ៏ធំល្វឹងល្វើយមួយ ឯសេដ្ឋកិច្ចពិភពលោកក៏ជាសមុទ្រដ៏ធំល្វឹងល្វើយមួយដែរ នៅលើលោកនេះ សមុទ្រនិងមហាសមុទ្រគឺតភ្ជាប់គ្នា។ ពិព័រណ៍នាំចូលចិនអន្តរជាតិជាច្រកសម្រាប់សមុទ្រសេដ្ឋកិច្ចពិភពលោកហូរចូលក្នុងសមុទ្រសេដ្ឋកិច្ចចិន ហើយក៏ជាស្ពានសំខាន់សម្រាប់តភ្ជាប់ចិនជាមួយសកលលោកផងដែរ។
និយាយពីការប្រកាន់ខ្ជាប់គុណតម្លៃ នៃសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ លោក Li Qiang បានចែករំលែកទស្សនៈ ៣ ចំណុច៖ ប្រកាន់ខ្ជាប់សមភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក គាំពារយ៉ាងជាក់លាក់នូវយុត្តិធម៌អន្តរជាតិ និងជំរុញកំណែទម្រង់អភិបាលកិច្ច។ លោកបានបន្តថា កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានពិនិត្យនិងអនុម័តសំណើអំពីផែនការ ៥ ឆ្នាំទី ១៥ របស់ចិន ដែលបានបញ្ចូលបន្ថែមភាពប្រាកដប្រជានៃការរីកចម្រើននិងការបើកទូលាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ចិនក្នុងមួយរយៈកាលខាងមុខ ។ ប្រទេសចិនដែលធ្វើទំនើបកម្មឥតឈប់ឈរ ប្រាកដជានឹងបញ្ចូលបន្ថែមភាពប្រាកដប្រជានិងកម្លាំងចលករកាន់តែច្រើនដល់ពិភពលោកមិនខាន។
តំណាងមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម សិក្សាស្រាវជ្រាវចំនួនប្រហែល ១៥០០ រូបដែលមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ១៥៥ បានចូលរួមពិធីសម្ពោធបើក។
មេដឹកនាំបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានបង្ហាញពីទំនួលខុសត្រូវជាប្រទេសធំ ដែលប្រទេសចិនបានចែករំលែកឱកាសជាមួយពិភពលោក និងរួមគ្នាស្វែងរកអភិវឌ្ឍ។ បណ្តាភាគីមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយចិន ដើម្បីគាំពារសេរីភាពនិងយុត្តិធម៌ពាណិជ្ជកម្ម រួមគ្នាជំរុញវិបុលភាពនិងវឌ្ឍនភាព៕