ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣២នៅក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូងព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង កិច្ចសន្ទនាស្តីពី"អភិបាលកិច្ចសកលនិងវិបុលភាពរួមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក"ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សកលវិទ្យាល័យ Yonsei របស់កូរ៉េខាងត្បូងនិងស្ថានីយទូរទស្សន៍ YTN របស់កូរ៉េខាងត្បូងបានធ្វើឡើងនៅក្រុងប៉េកាំងនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
លោក Shen Haixiong បានថ្លែងថា ក្នុងបរិបទគន្លឹះដែលអភិបាលកិច្ចសកលមានភាពរីកចម្រើនយ៉ាងលំបាក ចិនបានបង្កើត “អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក”ដែលពិភពលោកយកចិត្តទុកដាក់តាមរយៈការប្រកាន់ខ្ជាប់តម្រិះប្រាជ្ញាបូព៌ាដែលពិភពលោករួមគ្នាពុះពារឧបសគ្គ ។ កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលទទួលបានការយកចិត្តទុកដាក់ពីពិភពលោកបានដាក់ចេញផែនការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ចិនក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ និងកំណត់ទិសដៅសម្រាប់បន្តជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមុខជានឹងបង្កើតកាលានុវត្តភាពកាន់តែច្រើនសម្រាប់ការអភិវឌ្ឍជានិរន្តរភាពនិងវិបុលភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាមិនខាន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយចាប់ដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសហប្រតិបត្តិការមកពីប្រទេសនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងក្នុងការជំរុញអភិបាលកិច្ចសកល ៕